ផ្លូវពីទីរួមស្រុកមេសាង មកដល់ព្រុំប្រទល់ខេត្តស្វាយក្នុងទឹកដីភូមិព្រហារដែលមានប្រវែង ១០,៦៧៩ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ
ខេត្តព្រៃវែង៖ ផ្លូវពីទីរួមស្រុកមេសាង មកដល់ព្រុំប្រទល់ខេត្តស្វាយរៀងក្នុងទឹកដីភូមិព្រហារដែលមានប្រវែង ១០,៦៧៩គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។ ពិធីបើការដ្ឋានស្ថាបនាសាងសង់ផ្លូវនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅបរិវេណវត្តពោធិមង្គល ហៅវត្តចំបក់ ភូមិពោធិរោង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
យោងតាមការបញ្ជាក់ពី ក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST ) និងបេតុង ០១ ខ្សែ ប្រវែង ១០,៦៧៩គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) មានទីតាំងតភ្ជាប់ពីភូមិជីផុច ឃុំជីផុចទៅដល់ភូមិព្រហ៊ារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។ គម្រោងនេះ ចាប់ផ្ដើមពីឆ្នាំ២០២១-២០២៣ មានថវិកាសរុបចំនួន ៦៧លានដុល្លារអាមេរិក ក្នុងនោះថវិកាចំនួន ៦០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB )និង ៧,៥លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។
គម្រោងនេះមានសមាសភាពចំនួនពីរគឺ៖
ទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដោយត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១៨៥គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៥០គីឡូម៉ែត្រ ស្ថាបនាស្រះដីសហគមន៍ចំនួន ៧៥ ស្រះ ស្ថាបនាស្រះសហគមន៍រៀបថ្ម ឬបេតុង ចំនួន ៧៥ស្រះ។
ទី២៖ អភិវឌ្ឍន៍ជំនាញនៅជនបទ និងផ្ដល់សេវាគាំទ្រដល់ អង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលសមាសភាពទាំងពីរនេះអនុវត្តនៅក្នុងខេត្តគោលដៅចំនួន ០៥ គឺ៖ ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកោះកុង ៕
ង៉ាន់ ទិត្យ











