រដ្ឋមន្រ្តីកសិកម្មនិងទូតអាមេរិកប្រចាំកម្ពុជាចូលរួមបើកកម្មវិធីដាក់ឱ្យដំណើរការគម្រោងកម្ពុជាហាវែស III

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម ផាទ្រិច មូផៃ (W. Partrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីដាក់ឱ្យដំណើរការគម្រោងកម្ពុជាហាវែសIII ( Cambodia Harvest III Launch Event) ក្នុងកញ្ចប់ថវិកា ២៥លានដុល្លារអាមេរិក សម្រាប់រយៈ ពេល ៥ឆ្នាំ។ ពិធីនេះបាន ប្រារព្ធនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកបានបញ្ជាក់ក្នុងព្រឹត្តិការណ៍នេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជិត ១០០ លាន ដុល្លារក្នុងរយៈ ពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ក្នុង គោលបំណង លើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូល ក្នុង គ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្មកម្ពុជា។ ក្នុងពេលដែល ពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែ ពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន។ ដូច្នេះគម្រោង “កម្ពុជា ហាវេស III” នេះគឺបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្ត របស់រដ្ឋាភិបាល អាមេរិក ក្នុងការសម្រេចគោលដៅមួយនេះ។ គម្រោងនេះត្រូវ បាន ប្រកាសជាផ្លូវការកាលពីថ្ងៃទី៤ សីហាកន្លងទៅ ដោយរដ្ឋមន្ត្រីការ បរទេសអាមេរិក អាន់តូនី ប្លីនកិន(Antony Blinken) ក្នុងអំឡុង ពេលការធ្វើទស្សនកិច្ចរបស់លោកនៅកម្ពុជា។គម្រោងនេះ នឹង ធ្វើការ ជាមួយដៃគូក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារនានានៅក្នុងវិស័យកសិកម្ម តាមរយៈការចាប់ដៃគូជា មួយនឹងវិស័យឯកជន។

លោកទូតបន្តថា គម្រោងនឹងបន្តធ្វើការអភិវឌ្ឍទៅលើការងារដែល យូសេដ(USAID) បានធ្វើកន្លងមកដើម្បីលើកស្ទួយឱកាស សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ តាមរយៈកិច្ច សហការជាមួយវិស័យឯកជន គម្រោងនឹងជួយលើក កម្ពស់ជីវភាព ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ។ ក្នុងរយៈពេល ប្រាំឆ្នាំខាងមុខនេះ USAID រំពឹងថា នឹងជំរុញឲ្យមានការវិនិយោគ ពីឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង ៣.០០០កន្លែង ជួយកសិករ និងក្រុមហ៊ុនឯកជនឲ្យទទួលបាន ហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥លានដុល្លា និងបង្កើនការ លក់កសិផលឲ្យបាន ១០០លានដុល្លារ។

ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបាននិងកំពុងដើរតួនាទីក្នុង ភាពជា ដៃគូ ផ្តល់កិច្ចសហប្រតិបត្តិការក្នុងការជួយគាំទ្រ ដល់ការអភិវឌ្ឍ វិស័យកសិកម្មតាម រយៈ USAID ក្នុងនោះការអនុវត្ត កម្មវិធី និង គម្រោង ជាច្រើនមានគោលបំណងជួយជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះគម្រោង “The Feed the Future Cambodia Harvest III” ដែលកំពុងដំណើរការនាពេលនេះ នឹង រួមចំណែកជំរុញ កំណើន សេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាពតាមរយ:ការបង្កើន ពិពិធកម្ម និងការប្រកួតប្រជែងទីផ្សារកសិផល ដែលកំពុងមាននិន្នាការ កើនឡើងជា លំដាប់។

តាមរយ:គម្រោងនេះឯកឧត្តមបានបង្ហាញនូវសុទុដ្ឋិនិយមថា ពិតជានឹងចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសជួយជំរុញវិស័យកសិកម្ម ឱ្យកាន់តែទំនើប មានភាពប្រកួត ប្រជែងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជួយបង្កើនសមត្ថភាពវិស័យ ឯកជនក្នុងការផលិត ធានាគុណភាព សុវត្ថិភាព និងជំរុញការនាំចេញ។
ឯកឧត្តម បន្តថា វិស័យឯកជនកំពុងដើរតួនាទីសំខាន់ក្នុងការផលិត ការបង្កើនផលិតភាព និងការប្រកួតប្រជែង ធានាស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច ជួយបង្កើតការងារ និងប្រាក់ចំណូល ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា គម្រោងខាងលើពិតជា មានសារៈសំខាន់ ណាស់ក្នុងការគាំទ្រ ផ្នែកធនធានថវិកាសម្រាប់ពង្រីកការវិនិយោគ និងផ្តល់បច្ចេកទេសផលិត ដល់វិស័យ ឯកជន ពិសេសសហគមន៍ កសិកម្មតាមរយ: ៖ ១. ការបង្កើនទុនវិនិយោគ ដើម្បីពង្រឹងផលិតភាព កែច្នៃ និងពង្រីកប្រព័ន្ធទីផ្សារលក់។ ២. ការពង្រឹងសមត្ថភាពកែច្នៃ និងសមត្ថភាព គ្រប់គ្រងកសិដ្ឋាន ។ ៣. ការបង្កើនបរិមាណកសិផល ចូល ទីផ្សារ និង ៤. ការកែលម្អគុណភាព ពង្រឹងប្រព័ន្ធត្រួតពិនិត្ យអនាម័យតាមរយៈការជំរុញឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍ ។

ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់អ្នកគ្រប់គ្រងគម្រោងឲ្យបន្ត ពង្រឹង កិច្ចសហការជាមួយអង្គភាពជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេស ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឱ្យការអនុវត្ត គម្រោង ដំណើរទៅដោយរលូន មានប្រសិទ្ធភាព និងទទួលបាន ជោគជ័យ ផ្តល់ផលប្រយោជន៍ពិតប្រាកដជូនប្រជាកសិករ និងសហគមន៍កសិកម្ម៕ ដោយ៖សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner