កម្ពស់ទឹកទន្លេមេគង្គ នឹងមានការហក់ឡើងខ្ពស់ ក្នុងរយៈពេលពី៤ទៅ៥ ថ្ងៃខាងមុខ (Video Inside)
ក្រសួងធនធានទឹក និងឧតុនិយម បានដាស់តឿនឱ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ខ្ពស់ខណៈកម្ពស់ទឹកទន្លេមេគង្គ នឹងមានការហក់ឡើងខ្ពស់ ពិសេសលើដៃទន្លេបី នៅភូមិភាគ ឦសាន អាចប្រឈមនឹងទឹកជំនន់ ។ ការហក់ឡើងនៃកម្ពស់ទឹកទន្លេមេគង្គនេះ គឺដោយសារ កម្ពុជារងនឹងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបនិងវិសម្ពាធ ដែលនឹងកា្លយទៅជាព្យុះទី៧ ឈ្មោះ មូឡាន (MULAN) ដែលនឹងបណ្ដាលឲ្យមានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងនៅថ្ងៃនេះថា ទឹក ទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី៤ទៅ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និង បណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា។
យោងតាមការព្យាករណ៍ ខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៨ម៉ែត្រ៥០ ម៉ែត្រ , ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៩ម៉ែត្រ និងនៅខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់ កម្ពស់ ១២ម៉ែត្រ ។ កម្ពស់ទឹកទន្លេ ដែលហក់ឡើងនៅពេលនេះ គឺនៅមិនទាន់ដល់កម្រិតប្រកាសអាសន្នទេ ប៉ុន្តែទឹកអាចលិច តំបន់ទំនាបមួយចំនួនអមដងទន្លេ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន។
ចំណែក ទឹកទន្លេនៅតំបន់ភាគឦសាន រួមមានទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ទឹកទន្លេគឺកំពុងហក់ឡើង ដែលអាច ប្រឈមនឹងទឹកជំនន់ ផងដែរ។