អភិបាលរាជធានីភ្នំពេញ៖ ប្រទេសជិតខាងល្អ អាចជួយគ្នាបានទាន់ពេលវេលា ពេលមានទុក្ខលំបាក

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ប្រទេសជិតខាងល្អ គឺយើងអាចជួយគ្នាបានទាន់ពេលវេលា ពេលមាន ទុក្ខលំបាកកើតឡើង ។

ប្រសាសន៍លើកឡើងបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ខណៈ ឯកឧត្តម បានជួបពិភាក្សាការងារជាមួយ លោក ផាម តាត ថាង សមាជិកនៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដោយមានការចូលរួមពីឯឧ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្តម កើត ឆែ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានី នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ឯកឧត្តមពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ កងទ័ពវៀតណាម ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប៉ុល ពត ។ ប្រទេសជិតខាងយើងល្អនឹងគ្នា យើងអាចជួយគ្នាបានទាន់ពេលវេលា ពេលមានទុក្ខលំបាកកើតឡើង ជាក់ស្តែងដូចការរំដោះប្រជាពលរដ្ឋចេញពីប៉ុល ពតនេះឯង។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ផ្តើមចេញពីការរំដោះប្រទេសចេញពីចំណុចសូន្យនេះ កម្ពុជា បានឈានទៅរកបាន សន្តិភាពពេញលេញលើផ្ទៃប្រទេស ដែលនាំឱ្យកម្ពុជាមានឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសរីកចំរើនដូចពេលបច្ចុប្បន្ននេះ ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានថ្លែងការកោតសរសើរចំពោះប្រតិភូវៀតណាម ដឹកនាំដោយលោកផាម តាត ថាង សមាជិកនៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលបានពង្រឹង ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការនៃប្រទេសទាំង២ កម្ពុុជា វៀតណាមបានយ៉ាងល្អ និងបានគាំទ្រ ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍន៍រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បន្តទៀតថា ផ្តើមចេញពីផ្លែផ្កានៃការពង្រឹង ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការនៃប្រទេសទាំង២ កម្ពុុជា វៀតណាមនេះ កម្ពុជាបានរក្សាប្រពៃណី ទំនៀមទលាប់ល្អៗទាំងនេះ បន្តទៅអោយយុវជនកម្ពុជាជំនន់ក្រោយទៀត គឺរក្សាឱ្យបានយូរអង្វែង ៕ ដោយ ថេត វិចិត្រ + ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner