អាជ្ញាធរខេត្តរតនគិរី អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន គ្រាដែលស្ថានភាពទឹកក្នុងទន្លេស្រែពក និងទន្លេសេសាន កំពុងបន្តហក់ឡើង

ខេត្តរតនគិរី៖ អភិបាលរងខេត្តរតនគិរី លោក គិត ទ្រី បានអំពាវនាវដល់ពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយទឹកជំនន់ បានធ្វើឡើងនៅថ្ងៃទី១០ សីហានេះ គ្រាដែលលោក បានដឹកនាំមន្ត្រីជំនាញ មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងមន្ត្រីថ្នាក់មូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីត្រៀមលក្ខណៈទុកជាមុន សម្រាប់ការជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព។

នៅក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ នៅគ្រានោះ អភិបាលរងខេត្តរតនគិរី លោក គិត ទ្រី បានថ្លែងថា បើទោះបីជានៅតាមស្រុក ដែលស្ថិតនៅតាមបណ្តោយដងទន្លេ ក៏ដូចជាខេត្តរតនគិរីទាំងមូល មិនទាន់ជួបបញ្ហាប្រឈម គ្រោះទឹកជំនន់ក៏ដោយចុះ តែយើងក៏មិនត្រូវមានការធ្វេសប្រហែស ឬ បណ្តែតបណ្តោយទុកឲ្យស្ថានការណ៍កើតឡើងហើយ ទើបរកដំណោះស្រាយនោះទេ។

លោក គិត ទ្រី បានបន្តទៀតថា នៅព្រឹកថ្ងៃទី១០សីហានេះ ផ្ទៃមេឃនៅតែមានសភាពអួរអ័ព្ទហើយភ្លៀងអាចនឹងបន្តធ្លាក់ទៀត តែនៅក្នុងខេត្តមិនទាន់មានស្រុក ដែលនៅតាមបណ្តោយទន្លេស្រែពក និងទន្លេសេសាន មានបញ្ហាប្រឈម និងគ្រោះទឹកជំនន់នៅឡើយ។

ស្របពេលជាមួយគ្នានោះ លោកអភិបាលរងខេត្ត បានណែនាំ ដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ សូមផ្សព្វផ្សាយជូនដំណឹង ដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេ បឹងបួរ និងអូរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិ សត្វគោ ក្របី ជ្រូក មាន់ ទា និងត្រូវអប់រំណែនាំកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាស ចៀសវាងនាំឲ្យមានគ្រោះថ្នាក់ណាមួយជាយថាហេតុ ជាពិសេស ត្រូវបន្តតាមដានឲ្យបានជាប់ជាប្រចាំ ពីស្ថានភាពទឹកទន្លេ ដើម្បីអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋ មករកទីទួលសុវត្ថិភាពឲ្យបានទាន់ពេលវេលា នោះប្រសិនបើមានគ្រោះទឹកជំនន់ កើតឡើងដោយប្រការណាមួយ។

ស្របពេលដែលអាជ្ញាធរខេត្តរតនគិរី ចុះពិនិត្យស្ថានភាពទឹកជំនន់នៅឯស្រុកលំផាត់នោះ នៅឯស្រុកកូនមុំនោះវិញ មានទូកដរ ១គ្រឿង ចម្លងផ្ទុកលើសទម្ងន់បានលិចនៅក្នុងទន្លេស្រែពក បាត់ខ្លួនមនុស្សម្នាក់ ក្នុងចំណោម ១២នាក់ និងលិចម៉ូតូបាត់ ៤គ្រឿង នៅម៉ោងជាង ៧ព្រឹកថ្ងៃទី១០សីហាឆ្នាំ២០២២នេះ ស្ថិតនៅក្នុងភូមិ០៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

មន្ត្រីនគរបាលខេត្តរតនគិរី បានឲ្យដឹងថា ករណីលិចទូកខាងលើនេះ បណ្តាលមកពីទូកនោះ ផ្ទុកលើសទម្ងន់ នៅចំណុចកំពង់ចម្លង ដែលមានម្ចាស់ឈ្មោះ ភោគ បូរិទ្ធ ។ លោកថា លិចទូកនេះ គឺមកពីអ្នកបើកបរ បើកទូកចំកន្លែងទឹកគួចខ្លាំងទើបធ្វើឱ្យទូកលិច។

មន្ត្រីនគរបាលដដែលបានបន្តទៀតថា នៅក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឲ្យបាត់ខ្លួនមនុស្សម្នាក់។ ចំណែក មនុស្ស ១១នាក់ទៀត ត្រូវបានជួយសង្រ្គោះទាន់ពេល។ លោកថា ជនដែលបានបាត់ខ្លួន មានឈ្មោះ ជី សឿង ភេទប្រុស អាយុ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិ០៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី និងលិចបាត់ម៉ូតូ ៤គ្រឿង ក្នុងនោះ ម៉ូតូម៉ាក ហុងដាទ្រីម ០២ គ្រឿង និងម៉ូតូម៉ាកវេវ ឆ្លាម ០២ គ្រឿង ។
លោកបានបញ្ជាក់ថា នៅក្នុងខណៈនេះ កម្លាំងអធិការដ្ឋាននគរបាល ស្រុកកូនមុំ កំពុងបន្តស្វែងរកអ្នកបាត់ខ្លួននោះហើយ ប៉ុន្តែ មកដល់រសៀលថ្ងៃទីថ្ងៃដដែលនេះ រកមិនទាន់ឃើញនៅឡើយទេ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ ស្ថានភាពជលសាស្រ្ត ទន្លេស្រែពក ទឹកមានកម្ពស់ ១២ម៉ែត្រគត់ ខណៈដែលចំណុចប្រកាសអាសន្ន១២,៥០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧត្តុនិយម បានចេញសេចក្តីជូនដំណឹងថា យោងលើស្ថានភាពអាកាសធាតុ ដែលបាន និងកំពុងមានការប្រែប្រួល កើតឡើងដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងវិសម្ពាធ ដែលនឹងក្លាយទៅជាព្យុះទី៧ ឈ្មោះ មូឡេន (MULAN) បណ្តាលឱ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ -ឡាវ -វៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ។

តាមរយៈសេចក្តីជូនដំណឹងបានឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៤ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេស នៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៨,៥០ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៩,០០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១២,០០ម៉ែត្រ។ ទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្លេ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន។ ទឹកទន្លេនៅតំបន់ភាគឦសាន រួមមាន ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ទឹកទន្លេកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់៕ ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner