ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំថ្លែងអំណរគុណដល់ប្រទេសហ្វាំងឡង់ និងអង្គការ FCA ដែលបានគាំទ្រដល់វិស័យអប់រំកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យ ប្រតិភូអង្គការជំនួយព្រះវិហារហ្វាំងឡង់ប្រចាំប្រទេសកម្ពុជា FCA ដឹកនាំដោយលោកស្រី ថៃ បូណេ ប្រធានអង្គការ ចូលជួបសម្ដែងការគួរសម និងបង្ហាញកម្មវិធីអប់រំរបស់អង្គការ ព្រមទាំងវឌ្ឍនភាពនៃកិច្ចសហការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សាជូនថ្នាក់ដឹកនាំក្រសួង កាលពីរសៀលថ្ងៃទី១២ខែសីហា ឆ្នាំ២០២២ នៅស្ដីការក្រសួង។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូអង្គការ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការលើការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សានៅតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានស្នើអង្គការលើ៣ចំណុច
ទី១. ស្នើអង្គការ FCAសហការជាមួយនាយកដ្ឋានជំនាញ រៀបចំជាសាលារៀនគំរូលើការអនុវត្តសេវានានា ក្នុងកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា ដោយមានរៀបចំបន្ទប់ផ្ដល់ប្រឹក្សា និងសម្ភារគាំទ្របច្ចេកទេសប្រឹក្សាយោបល់ និងគួរពង្រីកវិសាលភាពទៅកាន់បណ្ដាខេត្តនៅតំបន់ភាគខាងលិច។
ទី២. ស្នើអង្គការ FCAរៀបចំដំណើរទស្សនកិច្ចនៅតាមសាលារៀនដែលបាននិងកំពុងអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សានៅតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ។
ទី៣. ស្នើអង្គការ FCA សហការជាមួយនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រិតការ និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន រៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀននៅប្រទេសហ្វាំងឡង់ ដើម្បីក្រសួងអប់រំ យុវជន និងកីឡា បានដកស្រង់បទពិសោធន៍លើការងារមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា និងការបណ្ដុះបណ្ដាលគ្រូបង្រៀន។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ប្រទេសហ្វាំងឡង់ និងអង្គការ FCA ដែលបានគាំទ្រដល់វិស័យអប់រំកម្ពុជា តាមរយៈជំនួយរបស់ក្រសួងការបរទេសហ្វាំងឡង់ និងគាំទ្រឱ្យមានការចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ FCA បន្ដទៀត ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner