កម្ពុជា និងវៀតណាម ពិភាក្សាគ្នាបន្ថែមលើ MOU ក្នុងការជួយលើកីឡាអេឡិចត្រូនិក សម្រាប់ស៊ីហ្គេម២០២៣ នៅកម្ពុជា

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នាទីស្នាក់ការកណ្ដាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានជួបជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកវៀតណាម ដើម្បីពិភាក្សាលម្អិតលើអនុស្សារណៈយោគយល់ ដែលក្នុងនោះវៀតណាមជួយផ្នែកបច្ចេកទេសដល់កម្ពុជា លើការរៀបចំការប្រកួតកីឡាអាឡិចត្រូនិចក នៅព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថា ការមកដល់របស់វៀតណាម គឺដើម្បីពិភាក្សាលម្អិតលើអនុស្សារណៈយោគយល់ ដែលមាន២ចំនុចសំខាន់ និងឈានទៅអនុវត្តលើការងារ បន្ទាប់ពីបានព្រមព្រៀងគ្នាកាលពីខែឧសភា នៅប្រទេសវៀតណាម។

«នៅក្នុងកិច្ចពិភាក្សានេះ យើងផ្ដោតការយកចិត្តទុកដាក់ទៅលើ ២ចំនុចសំខាន់ ទី១ វៀតណាមគេនឹងជួយយើងលើការរៀបចំលក្ខណៈបច្ចេកទេស ក្នុងការរៀបចំការប្រកួតកីឡា E-Sports ព្រោះ E-Sports គឺជារូបមន្តនៃការប្រើប្រាស់បច្ចេកវិទ្យាមួយខ្ពស់ ដែលយើងគិតថា យើងនៅមានកម្រិតនៅក្នុងការរៀបចំនេះ។ នៅពេលដែលស៊ីហ្គេមនៅវៀតណាម គឺបានអនុញ្ញាតឲ្យសហព័ន្ធកីឡាអេឡិកត្រូនិកកម្ពុជា ជាមួយសហព័ន្ធកីឡាអេឡិកត្រូនិកវៀតណាម ចុះ MOU ជាការព្រមព្រៀងគ្នាជាបឋម នៅក្នុងពេលដែលនៅវៀតណាម។ យើងបានមកទីនេះ ដើម្បីពិភាក្សាគ្នាលម្អិត ក្នុងការធ្វើអនុស្សារណៈយោគយល់ (MOU) លម្អិតមួយ សម្រាប់ការរៀបចំនេះ ហើយយើងទាំងអស់គ្នាជាមួយ CAMSOC និងសហព័ន្ធកីឡាអេឡិកត្រូនិកកម្ពុជា នឹងរៀបចំ MOU នេះ ឲ្យបានរួចរាល់ ហើយដាក់ជូនទៅថ្នាក់ដឹកនាំដើម្បីផ្ដល់សិទ្ធិទៅដល់សហព័ន្ធ ក៏ដូចជាគណៈអចិន្ត្រៃយ៍របស់ CAMSOC និងអគ្គលេខាធិការរដ្ឋាន CAMSOC មានការចុះ MOU អនុវត្តទៅលើការងារនេះ»។

«មួយទៀតគឺពាក់ព័ន្ធជាមួយនឹងការដែលវៀតណាមគេជួយបង្ហាត់ បង្រៀនអំពីជំនាញកីឡា E-Sports នេះបន្ថែមទៀតដល់កម្ពុជា ព្រោះវៀតណាមគេមានកម្រិតល្អប្រសើរ ហើយនឹងយកមេដាយមាសផងដែរ នៅក្នុងពេលស៊ីហ្គេម។ អ៊ីចឹង កម្រិតកីឡា E-Sports របស់វៀតណាម អាចថានៅកម្រិតខ្ពស់មួយ ដែលអាចផ្ទេរចំណេះជំនាញ ផ្ទេររបៀបនៃការលេងមកកម្ពុជាផងដែរ ហើយវៀតណាមបានសន្យាក្នុងការជួយ ទាំងធ្វើការរៀបចំការប្រកួត ទាំងផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញទៅកីឡាករ-កីឡាការិនី ផ្នែក E-Sports របស់យើងដែរ»។ ប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន។

កីឡាអេឡិចត្រូនិក គឺជាកីឡា១ ក្នុងចំណោមកីឡាទាំង ៣៩ប្រភេទ បូកនឹងកីឡាសម្ដែង ១ប្រភេទ ដែលនឹងបង្ហាញខ្លួនលើកទី៣ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីជោគជ័យក្នុងការដាក់បញ្ចូល ២លើករួចមកហើយ ក្នុងស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner