ប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យនៅវិទ្យាល័យ ហ៊ុន សែន កែវសីមា ត្រូវបានសម្ពោធ
មណ្ឌលគិរី៖ ឯកឧត្តម ជួប បារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយិកាប្រចាំប្រទេសផ្នែកទំនាក់ទំនងកិច្ចការ សាធារណៈ និងចីរភាព នៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានអញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ នៅបរិវេណវិទ្យាល័យហ៊ុនសែន កែវសីមា ស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ថ្លែងក្នុងពិធីដែលបានប្រារព្ធកាលពីព្រឹកថ្ងៃទី ១៥ខែសីហានេះ ឯកឧត្តម ជួប បារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ ថា មូលនិធិប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ជាផ្លែផ្កានៃកិច្ច សហការជាមួយក្រសួងបរិស្ថាន ដោយនាំមកនូវការដំឡើង ប៉មចម្រោះ ទឹកស្អាត Aqua Tower និងម៉ាស៊ីនអនាម័យ Aqua San លើកទី៤១ ផ្តល់ជូនសហគមន៍។ ឯកឧត្តម បន្តថា មូលនិធិកូកា-កូឡា គឺជា ស្ថាប័នសប្បុរសធម៌សាកលរបស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះ ទឹកស្អាត និងម៉ាស៊ីនអនាម័យ ក្នុងព្រះរាជាណាចក្រកម្ពុជា ។
តាមរយៈព្រឹត្តិការណ៍នេះឯកឧត្តម បានថ្លែងអំណរគុណ ចំពោះការ គាំទ្រ ពីអ្នកឧបត្ថម្ភ និងដៃគូអាជីវកម្ម រួមទាំងមូលនិធិកូកា-កូឡាផង ដែរ តាមរយៈការនាំយកប៉មចម្រោះទឹកស្អាត ទៅកាន់សហគមន៍ដែល ខ្វះខាត ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាព និងគុណភាពជីវិត សម្រាប់ បុគ្គល រាប់ពាន់នាក់។
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ មន្រ្តីជាន់ខ្ពស់ នៃក្រុមហ៊ុនកូកា កូឡា កម្ពុជា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦មក តាមរយៈការគាំទ្រពី មូលនិធិកូកា-កូឡា មូលនិធិ Planet Water បានសាងសង់ប៉ម ចម្រោះ ទឹកស្អាត Aqua Towers ចំនួន៤០ និងផ្តល់អត្ថ ប្រយោជន៍ ដល់ប្រជាពលរដ្ឋ ជាង ៧១,៤០០នាក់ ក្នុងខេត្តចំនួន ២៤ នៅទូទាំងប្រទេសកម្ពុជា។
កញ្ញាបន្តថា គិតត្រឹមថ្ងៃនេះ យើងបានដំឡើង និងសម្ពោធដាក់ឱ្យប្រើ ប្រាស់ ប៉មចម្រោះទឹកស្អាតចំនួន៤១ នៅគ្រប់ខេត្តទាំងអស់ នៅទូទាំង ប្រទេសកម្ពុជា ដោយផ្តល់ជូនសហគមន៍ នូវប្រព័ន្ធចម្រុះទឹកស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។
បន្ទាប់មក ឯកឧត្តម ជួប បារីស៍ និងលោក ជាក់ ម៉េងហ៊ាង ក៏បានជួបសំណេះសំណាលជាមួយមន្រ្តី នៃមន្ទីរបរិស្ថានខេត្ត និងអង្កការ WCS ដើម្បីពិភាក្សាការងារគម្រោងរេដបូក ដែន ជម្រកសត្វព្រៃកែវសីមា ក្នុងគោលបំណង ត្រួតពិនិត្យផែនការ សកម្មភាពប្រចាំឆ្នាំចុងក្រោយ – ពិភាក្សាយុទ្ធសាស្រ្តដើម្បីពង្រឹង ការគ្រប់គ្រងគម្រោងរេបូកមានប្រសិទ្ធភាព និងពិនិត្យតំបន់ សក្តានុពលសម្រាប់សាង់សង់ប៉មមើលទេសភាព និងសត្វព្រៃ៕ ដោយ៖ ពលៈ