កីឡាកស្នូកឃ័រ ងួន តាក់ ដាក់គោលដៅជាប់ជម្រើសជាតិ បន្ទាប់ពីឈ្នះជើងឯកពានរង្វាន់ប្រចាំ ក្លឹប Lux98
កីឡាករ ស្នូកឃ័រ ឬប៊ីយ៉ា ងួនតាក់ បានក្លាយជាកីឡាករប្រចាំក្លិប LUX98 ត្រៀមចូលរួមប្រកួតកីឡាជាតិ នាអំឡុង ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីឈ្នះជើងឯក ការប្រកួតពានរង្វាន់ LUX98-POOL-9BALLOPEN 2022 ដោយយកឈ្នះកីឡាហ្វីលីពីន អាលែប ជេ វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។
ងួន តាក់ បានបង្ហាញការតាំងចិត្តខ្ពស់នឹងឈោងទៅយកតំណែងជាកីឡាករជម្រើសជាតិមួយទៀតឲ្យបាន ប្រសិនបើមេដាយមាសកីឡាជាតិ លើកទី៣ ដើម្បីក្លាយជាកីឡាករតំណាងជាតិ ត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ាឬស្នូកឃ័រ បានគូសបញ្ជាក់ថា ការប្រកួតពានរង្វាន់ឆ្នាំនេះ សហព័ន្ធបានសហការជាមួយក្លិប LUX98 រៀបចំឡើង ដើម្បីជ្រើសរើសកីឡាករល្អៗប្រចាំក្លិប ត្រៀមចូលរួមកីឡាជាតិ លើកទី៣ ដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា។ អគ្គលេខាធិការរូបនេះ បញ្ជាក់ទៀតថា បន្ទាប់ពីការប្រកួតនេះ សហព័ន្ធនឹងសហការជាមួយក្លិប LUX98 រៀបចំព្រឹត្តិការប្រកួតជាបន្តបន្ទាប់ទៀត និងក្លិបផ្សេងៗទៀ តបង្កើតព្រឹត្តិការណ៍ប្រកួត ដើម្បីសម្រាំងយកជើងខ្លាំង ពីកីឡាជាតិលើកទី៣ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតលើឆាកអន្តរជាតិ។
កញ្ញា ហេង ចាង តំណាងក្លិប LUX98 លើកឡើងថា ការចាប់ដៃជាមួយសហព័ន្ធបង្កើតព្រឹត្តិការណ៍ប្រកួតនេះ គឺជាការរួមចំណែកមួយអភិវឌ្ឍកីឡាប៊ីយ៉ាឬស្នូកឃ័រនៅកម្ពុជាឲ្យកាន់តែរីកចំរើន ដើម្បីផលិតបានធនធានកីឡាករល្អប្រចាំក្លិប យកមកដុសខាត់សមត្ថភាព សម្រាប់កម្ពុជា។
សម្រាប់លទ្ធផលការប្រកួតអស់រយៈពេល២ថ្ងៃ ចំណាត់ថ្នាក់លេខ១ កីឡាករកម្ពុជា ងួន តាក់លេខ២ កីឡាករហ្វីលីពីន អាលែប ជេ លេខ៣ កីឡាករកម្ពុជា លាង យូរ និងលេខ៤ កីឡាករកម្ពុជា វិទ្ធី ៕ អត្ថបទ៖ ជាវ ចន្ធូ