៧ខែនាំចេញទំនិញទៅអាមេរិកមានជិត៦ពាន់លានដុល្លារ (Video Inside)
កម្ពុជាបាននាំទំនិញចេញទៅសហរដ្ឋអាមេរិក ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ មានតម្លៃទឹក ប្រាក់ជិត៦ពាន់លានដុល្លារ។ របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជា្កក់ថា ការនាំចេញនេះ កើនជាង៤៧ភាគរយប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍ដដែល, ការនាំចូលពីអាមេរិកមកកម្ពុជាវិញ មានទឹកប្រាក់ចំនួន ១៩៦លាន ដុល្លារ ដែលកើនឡើង៣ចុច២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ ដែលមានទឹក ប្រាក់១៩០លានដុល្លារនោះទេ។
មុខទំនិញដែលកម្ពុជានាំចេញទៅសហរដ្ឋអាមេរិករួមមានផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់, ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ, បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញ មានដូចជា៖ រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។
ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានកំណើនគួរឲ្យកត់សម្គាល់។ ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ ជាង ៧ពាន់៨២៦លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៧ពាន់៤៩០លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានជាង ៣៣៦លានដុល្លារ។