ក្រសួងការងារបញ្ជាក់ពីការទូទាត់បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដល់កម្មករនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេមបូឌា) ចំនួន ៣ចំណុច

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានបញ្ជាក់ពីការទូទាត់បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតជូនបងប្អូនកម្មករនិយោជិត ក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេមំបូឌាចំនួន ៣ចំណុច ដោយប្រើថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាល។

បើយោងតាមសេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនបងប្អូនដែលជាកម្ម ករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេមំបូឌា) មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលនិយោជកបានបិទទ្វាររត់ចោលថា យោងតាមស្មារតីនៃកិច្ចប្រជុំ ដោះស្រាយករណីក្រុមហ៊ុន ឃែនធើរេន អឹភែរឹល (ខេមបូឌា) កន្លងមក និងយោងតាមច្បាប់ស្តីពីការងារ ក្រសួង នឹងធ្វើការទូទាត់បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតជូនបងប្អូនកម្មករនិយោជិត ចំនួន ៣ចំណុច ដោយប្រើថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាល ដូចខាងក្រោម៖

១. ប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក
២. ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់
៣. ប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុន
ឆ្នាំ២០១៩។

ក្រសួងបានបន្តឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា “សូមបងប្អូនកម្មករនិយោជិត មេត្តារង់ចាំការជូនដំណឹងបន្ថែមអំពីការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗ ពីអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា នាពេលឆាប់ៗខាងមុខនេះ”។

ជាមួយគ្នានេះក្រសួងការងារបានឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវត្រៀមឯកសារមួយចំនួនដូចខាងក្រោម
១. បណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិតឬបណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។ ២. បណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។

ក្នុងកំឡុងពេលនៃការរង់ចាំការជូនដំណឹងបន្ថែមនេះ សូមបងប្អូនដាក់ពាក្យស្វែងរកការងារធ្វើតាមរយៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីរក្សាស្ថិរភាពនៃប្រាក់ចំណូល៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner