អភិបាលខេត្តកណ្ដាលអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលចំណេះដឹង ជំនាញ និងបទពិសោធន៍ដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតក្នុងអាណត្តិថ្មី

កណ្តាល៖ សមាជិកក្រុមប្រឹក្សាឃុំ មកស្រុកចំនួនបីក្នុងខេត្តកណ្ដាលដែលទើបជាប់ឆ្នោតថ្មី អាណត្តិទី៥ ត្រូវបានអញ្ជើញមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ នៅសាលាខេត្ត កាលពីថ្ងៃទី១៧ ខែសីហាឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

ថ្លែងក្នុងឱកាសនេះឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលតម្រង់ទិសនេះ ពិតជាមានសារៈសំខាន់ក្នុងផ្ដល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតក្នុងអាណត្តិថ្មី ហើយមិនទាន់មានបទពិសោធក្នុងការងារ សំដៅជួយពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី អាចអនុវត្តតួនាទី និងភារកិច្ចក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោក លោកស្រី នៅពេលត្រឡប់ទៅបំពេញការងារនៅតាមរដ្ឋបាលឃុំវិញ សូមលោក លោកស្រី យកចំណេះដឹងដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលនេះទៅឆ្លុះបញ្ចាំងប្រើប្រាស់ និងកែច្នៃនៅក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីដុសខាត់ចំណេះដឹង និងសមត្ថភាពរបស់យើងឱ្យកាន់តែប្រសើរថែមទៀត។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលតម្រង់ទិសមានរយៈពេល ពីរថ្ងៃ។សមាសភាពក្រុមប្រឹក្សាឃុំ មកពី ស្រុកចំនួនបីគឺស្រុកកៀនស្វាយ ស្រុកអង្គស្នួល និងស្រុកស្អាង បានចូលរួមក្នុងវគ្គនេះ។សម្រាប់អាណត្តិទី៥នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តកណ្តាល មានចំនួនសរុប៩១៥ នាក់ ស្រីចំនួន១៨៨ នាក់ ក្នុងនោះក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាប់ថ្មី(អ្នកមិនធ្លាប់ជាសមាជិកក្រុមប្រឹក្សាពីមុនមក) មានចំនួន៤៤៩ នាក់ ស្រី១០៤ នាក់៕ ដោយ:រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner