ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ គោលដៅសំខាន់ពីរនៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាព ស្ថិរភាពយូរអង្វែង

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា គោលដៅសំខាន់ពីរនៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាព ស្ថិរភាពយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។ ទោះបីក្នុងរយៈកាលជាង០២ឆ្នាំកន្លងមកនេះ យើងមានបញ្ហាប្រឈម និងផលប៉ះពាល់ខ្លះពីការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏សុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ចដែលកម្ពុជាកំពុងមាន ជាពិសេសក្នុងប្រមាណប្រមាណ២០ឆ្នាំចុងក្រោយមុនការមកដល់នៃជំងឺកូវីដ-១៩ គឺបាននិងកំពុងផ្តល់នូវឱកាសអំណោយផល និងសន្ទុះថ្មីសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ។

ការបញ្ជាក់របស់ឯកឧត្តម បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា ជាអំណោយដ៏ថ្លៃថ្លារបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ នៅខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ក្នុងនាមថ្នាក់លើ ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទគ្រប់លំដាប់ថ្នាក់ តែងបានយកចិត្តទុកដាក់ និងគិតគូរជាប្រចាំអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅទូទាំងប្រទេស ដោយគិតគូរលៃលកធ្វើយ៉ាងណាឱ្យមានការធានាសមរម្យ និងគ្រប់គ្រាន់ ស្របទៅនឹងបទបញ្ជា និងភារកិច្ចដែលបានចាត់តាំង។ ក្នុងន័យនេះ សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចទាំងទ្វេ ដោយជានិច្ចជាកាលលោកទាំងពីរតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ ការហ្វឹកហ្វឺនរៀនសូត្រ ការបំពាក់សម្ភារៈបរិក្ខារ ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ព តាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេចទាំងទ្វេផ្ទាល់ ក៏ជាធ្លាប់យោធិនដែលឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាមផងដែរ។

មេបញ្ជាការកងទ័ពជើងគោក បានបន្តថា ស្មារតី ឆន្ទៈ និងពលិកម្មលះបង់របស់កងទ័ព មិនមែនមានតែនៅក្នុងសមរភូមិប៉ុណ្ណោះទេ។ ជាក់ស្តែងណាស់ កងទ័ពមានភារកិច្ច និងតែងបានចូលរួមនៅក្នុងគ្រប់ស្ថានការណ៍យថាហេតុលំបាក និងគ្រោះថ្នាក់ ក្នុងពេលដែលជាតិ និងប្រជាជនត្រូវការ ដូចជាក្នុងពេលគ្រោះវិបត្តិគ្រោះមហន្តរាយ ព្រមទាំងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាផលវិបាកបន្សល់ទុកដោយសង្គ្រាម ជាដើម។ សូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះយោធភូមិភាគទី១ កងពលតូចអន្តរាគមន៍លេខ១២៨ ក៏ដូចជាគ្រប់បណ្តាកងឯកភាពចំណុះយោធភូមភាគទី១ ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ទទួលបានលទ្ធផល និងស្នាដៃល្អប្រសើរគួរជាទីមោទនៈ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណផងដែរចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នយោធា ស៊ីវិល និងសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការឧបត្ថម្ភគាំទ្រដល់កងពលតូចអន្តរាគមន៍លេខ១២៨ និយាយដោយឡែក និងនិយាយជារួម កងយោធពលខេមរភូមិន្ទទាំងមូល ជាពិសេសនៅក្នុងដំណាក់កាលដែលកងយោធពលខេមរភូមិន្ទ កំពុងខិតខំពុះពារសម្រេចឱ្យបាននូវការងារកែទម្រង់ និងទំនើបកម្មរបស់ខ្លួន ដើម្បីកសាងនិងពង្រឹងខឿនការពារជាតិឱ្យបានកាន់តែរឹងមាំ សំដៅធានាបាននូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ។ ពិតណាស់ កងទ័ពកើតចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន ហើយប្រជាជនវិញ គឺជាប្រភពនៃការផ្គត់ផ្គង់កម្លាំង ទាំងកម្លាំងទ័ព និងកម្លាំងភស្តុភារ ក្នុងនាមជាសមរភូមិក្រោយ។ ទាំងអស់នេះ គឺពិតជាបានស្តែងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner