ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំអាស៊ាន ឱ្យក្លាយទៅជាអង្គការមួយ ទទួលបាននូវការគោរពកោតសរសើរពីបណ្ដាប្រទេសដទៃទៀត ក្នុងពិភពលោក

ភ្នំពេញ៖ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ វាយតម្លៃខ្ពស់ចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំអាស៊ាន ឱ្យក្លាយទៅជាអង្គការមួយ ទទួលបាននូវការគោរពកោតសរសើរពីបណ្ដាប្រទេសដទៃទៀត ក្នុងពិភពលោក។ នេះបើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានសំដែងនូវសេចក្ដីគោរពជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថិរភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ ហើយនយោបាយនេះ មិនទុកឱ្យអ្នកណាម្នាក់ នៅក្រៅឆាកឡើយ ហើយមិននាំឱ្យមានការសងសឹកគ្នាទៅវិញទៅមកទៅ ផ្ទុយទៅវិញ ជម្រុញបាននូវការធ្វើសមាហរណកម្មទូទាំងប្រទេសតែម្ដង ។

ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏សូមសម្ដែងនូវការគោរពផងដែរ ចំពោះការដឹកនាំកម្ពុជា ទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូចទីក្រុងភ្នំពេញ ជារាជធានីមួយ ដែលដូចជារាជនីនាប្រទេសដទៃទៀត ដែលជាប្រទេសអភិវឌ្ឍន៍ក្នុងពិភពលោក។

ជាមួយគ្នានោះដែរ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏បានសម្ដែងនូវការគោរពជូនសម្ដេចតេជោផងដែរ ដែលកម្ពុជា បានបញ្ជូនកងកម្លាំងការពារសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅប្រទេសជាច្រើននៅក្នុងពិភពលោក ដើម្បីការពារសន្តិភាព ។ ឯកឧត្តមបានមានប្រសាសន៍ថា កម្ពុជា គឺជាប្រទេសមួយដែលធ្លាប់ទទួលកងទ័ពមកខៀវមកការពារសន្តិភាព ប៉ុន្តែនៅពេលនេះ កម្ពុជា បានប្រែក្លាយខ្លួនទៅជាប្រទេសមួយ ដែលបញ្ជូនកងទ័ពរបស់ខ្លួនទៅជួយរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសដទៃទៀតច្រើនក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលនេះ គឺជាចំណុចជោគជ័យដ៏ធំធេង និងជាការប្រែប្រួលផ្លាស់ប្ដូរមុខមាត់គួរជាទីគោរពមួយរបស់កម្ពុជា។

លើសពីនោះទៅទៀត ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលដឹកនាំអាស៊ាន ឱ្យក្លាយទៅជាអង្គការមួយ ដែលទទួលបាននូវការគោរពកោតសរសើរពីបណ្ដាប្រទេសដទៃទៀតក្នុងពិភពលោក ហើយអង្គការនេះសោតទៀត គប្បីណាមានការរៀបចំឱ្យមានអង្គការដូចអង្គការអាស៊ាននេះទៀតនៅក្នុងពិភពលោក ដើម្បីទទួលបានការអភិវឌ្ឍតំបន់ ក៏ដូចជាទទួលបាននូវសុខសន្តិភាព និងស្ថិរភាពតំបន់ដទៃទៀតដែរ។

ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានប្ដេជ្ញាចិត្តនាំប្រទេស ទៅជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឯកឧត្តម អាប់ឌូឡា សាហ៊ីដ ចំពោះការលើកឡើងដ៏ល្អអំពីកម្ពុជា ។

សូមបញ្ជាក់ថា ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២១ ខែសីហា។ ក្នុង ដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ ។

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ សង្កត់ធ្ងន់អំពីតួនាទីប្រកបដោយការស្ថាបនារបស់កម្ពុជានៅក្នុង អ.ស.ប ជាពិសេសក្នុងឋានៈកម្ពុជា ជាប្រធានអាស៊ាន ក៏ដូចជាតួនាទីរបស់អាស៊ាន និង អ.ស.ប ក្នុងការពង្រឹងពហុភាគីនិយម ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនានា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner