ក្រៅពីការត្រៀមធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអាស៊ី កម្ពុជានឹងរៀបចំពិព័រណ៍ស៊ីហ្គេម ពិព័រណ៍ទស្សនាកម្ពុជាឆ្នាំ២០២៣ និងពិព័រណ៍ទេសចរណ៍
ភ្នំពេញ៖ ក្រៅពីការត្រៀមរៀបចំខ្លួនទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាអាស៊ី (OCA) ចាប់ពីថ្ងៃទី១ដល់ទី៥ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ កម្ពុជានឹងរៀបចំពិព័រណ៍ស៊ីហ្គេម ពិព័រណ៍ទស្សនាកម្ពុជាឆ្នាំ២០២៣ និងពិព័រណ៍ទេសចរណ៍
នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានគូសបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ថោង ខុន បានរៀបចំយ៉ាងល្អឥតខ្ចោះក្នុងការរៀបចំចាំទទួលភ្ញៀវក្នុងឱកាសដ៏សែនមានតម្លៃនេះ។ ឯកឧត្ដម ថោង ខុន បានចាត់ចែងគណៈកម្មការជំនាញ អនុគណៈកម្មការជំនាញ រៀបចំស្នាក់នៅ ដឹកជញ្ជូន ការរក្សាសុខសុវត្ថិភាព ការទទួលបដិសណ្ឋារកិច្ចភ្ញៀវ ពិធីការអីផ្សេងៗទៀតគឺបានល្អឥតខ្ចោះទាំងអស់ហើយ។
«ចឹងឯកឧត្ដមបណ្ឌិត ថោង ខុន បានចាត់ចែងគណៈកម្មការជំនាញ អនុគណៈកម្មការជំនាញ រៀបចំស្នាក់នៅ ដឹកជញ្ជូន ការរក្សាសុខសុវត្ថិភាព ការទទួលបដិសណ្ឋារកិច្ចភ្ញៀវ ពិធីការអីផ្សេងៗទៀតគឺទទួលបានការយកចិត្តទុកដាក់ខ្ពស់ណាស់ពីឯកឧត្ដមបណ្ឌិតក្នុងការធ្វើការងារនេះ។ ក្រៅពីការរៀបចំបដិសណ្ឋារកិច្ចក្នុងកម្មវិធី មហាសន្និបាត នេះឯកឧត្ដមបណ្ឌិត ថោង ខុន ក៏មានការដាក់ចេញនូវវិធានការផ្សេងៗទៀត ដូចជាធ្វើពិព័រណ៍អំពីស៊ីហ្គេមរបស់យើងនៅទីនោះ ការធ្វើពិព័រណ៍អំពីទស្សនាកម្ពុជាអំពីឆ្នាំ២០២៣ ពិព័រណ៍ទេសចរណ៍របស់យើង ហើយក៏ធ្វើការចុះឈ្មោះអ្នកដែលមកចូលរួមហ្នឹងគាត់ចង់ចប់ពីប្រជុំទៅទស្សនកិច្ចនៅតំបន់ទេសចរណ៍នានានៅអង្គរនៅអីហ្នឹងគឺយើងមានកញ្ចប់ទស្សនកិច្ច ទៅតាមគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសយើងផងដែរ»។ នេះជាការបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន បានលើកឡើង។
ឯកឧត្ដមអគ្គបន្ថែមថា គណៈកម្មការទាំងអស់បានដឹងអស់ហើយ ពីទិសដៅការងាររៀងខ្លួនៗ ដែលពេលគឺរង់ចាំតែពេលវេលាមកនៃការរៀបចំថ្ងៃធ្វើ មហាសន្និបាតក្រុមប្រឹក្សាអាស៊ី និងការរង់ចាំការអនុវត្តិទទួលបដិសណ្ឋារកិច្ចតែប៉ុណ្ណោះ។ ព្រឹត្តិការណ៍នេះនឹងក្លាយទៅជាកំណត់ត្រាមួយសម្រាប់ជំរុញការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ឲ្យទទួលបានជោគជ័យផងដែរ៕ ចាន់ វិចិត្រ