រដ្ឋបាលខេត្តបាត់ដំបង និង ប.ស.ស បានបើកយុទ្ធនាការ ផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន
ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានបើកយុទ្ធនាការដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូន ជាកម្មករនិយោជិត ដែលបាននិង កំពុងតែបម្រើការងារ នៅក្នុងវិស័យឯកជនទាំងអស់ក្នុងខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក (ប.ស.ស) ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង នារសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងថា ការបើកយុទ្ធនាការ ផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន ដល់បណ្តាសហគ្រាស ក្រុមហ៊ុន និយោជិក និយោជក ម្ចាស់អាជីវកម្ម និង អាជីវករក្នុងខេត្តបាត់ដំបងថ្ងៃនេះ គឺពិតជាផ្តល់ឱកាសឱ្យបងប្អូនម្ចាស់អាជីវកម្ម រោងចក្រសហគ្រាស និងបងប្អូនកម្មករ ក្នុងខេត្តបាត់ដំបង និងទទួលបាននូវ ការយល់ដឹងបន្ថែមកាន់តែច្បាស់ អំពីនីតិវិធី លក្ខខណ្ឌនិងការទទួលបានអត្ថប្រយោជន៍តាមរយៈរបបសន្តិសុខសង្គមថ្មីមួយ។
ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលជាអគ្គនាយក ប.ស.ស.បានថ្លែងគូសបញ្ជាក់ឲ្យដឹងថា ការយល់ដឹងកាន់តែច្បាស់ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិយោជក ពិសេស បងប្អូនកម្មករ និយោជិត គឺពិតជាបានជំរុញឱ្យបងប្អូនទាំងអស់ អាចចូលរួមយ៉ាងផុសផុល ក្នុងការអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនដោយក្តីជឿជាក់និងពេញចិត្ត ជាមួយនឹងការទទួលបាននូវអត្ថប្រយោជន៍ជាច្រើនផងដែរ តាមរយៈ ប.ស.ស នេះ។
ឯកឧត្តម បន្ថែមឲ្យដឹងទៀតថា (ប.ស.ស.) បាន នឹងកំពុងបន្ត បង្កើនការផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស នឹងដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់ បានយល់ដឹងកាន់តែច្បាស់ អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាសមិទ្ធផលថ្មី ដ៏ពិសេសបំផុតនិងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា ហើយដែលកើតចេញពីស្ថាបនិកសន្តិភាព និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ។
ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ បានសម្តែងការសាទរយ៉ាងខ្លាំង ចំពោះគោលនយោបាយដ៏ល្អបំផុតមួយនេះដែលការបង្កើតឲ្យមានប្រព័ន្ធសន្តិសុខសង្គម គឺ៖ជាគោលនយោបាយ ដ៏ល្អឥតខ្ចោះ ដែលមិនអាចកាត់ថ្លៃបាននិងជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេស គឺពលរដ្ឋ ដែមានវ័យចំណាស់។
ឯកឧត្តមអគ្គនាយក( ប.ស.ស) និងឯកឧត្តមអភិបាលខេត្តបាត់ដំបង បានអំពាវនាវទៅកាន់អលោក លោកស្រីដែលជានាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ និយោជិតទាំងអស់ដែលបានចូលរួមថ្ងៃនេះ សូមព្យាយាមយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ពីខ្លឹមសាររួមរបស់មន្ត្រីជំនាញធ្វើបទបង្ហាញពីសារៈប្រយោជន៍សំខាន់ៗនិងការពន្យល់ដល់បងប្អូន ក្នុងការអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធការពារខ្លួនប្រកបដោយការពេញចិត្ត និងសាទរដល់រាជរដ្ឋាភិបាល ដែលបង្កើតឱ្យមានប្រព័ន្ធសន្ដិសុខសង្គមនេះ និងដើម្បីជាអត្ថប្រយោជន៍ក្នុងការទ្រទង់ជួយដល់បងប្អូន៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )