អភិបាលខេត្តបាត់ដំបងណែនាំមន្រ្ដីទើបតែងតាំង និងទទួលមុខតំណែងថ្មី ត្រូវបំពេញភារកិច្ចចំពោះមុខ ត្រូវខិតខំប្រឹងប្រែងធ្វើការងារទៅតាមភារកិច្ចតួនាទីថ្មីរបស់ខ្លួនឲ្យបានល្អនិងកាន់តែប្រសើរថែមទៀត

ខេត្តបាត់ដំបង ៖ មន្រ្ដីរាជការដែលចំណុះនៅក្នុងរចនាសម្ព័ន្ធសាលាខេត្តបាត់ដំបង ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងថ្មីចំនួន ០៤រូប និងដោយយោងតាមដីកាលេខ ០៥៥/២២ ដក.តត ស្ដីពីការតែងតាំងនិងប្រគល់ភារកិច្ចជូនមន្រ្ដីរាជការ ដោយសម្រេចតែងតាំង ឲ្យចូលកាន់មុខតំណែងថ្មី ជា”នាយករងរដ្ឋបាលសាលាខេត្ត” ចំនួន០២រូប ,ជា “នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត” ចំនួន០១រូប និង០១រូបទៀតឱ្យទទួលមុខតំណែងថ្មីជា”ប្រធានអង្គភាពច្រកចេញ-ចូលតែមួយ សាលាខេត្ត”។ ពិធីតែងតាំង និងប្រកាសឲ្យចូលកាន់នូវមុខតំណែងនេះ ធ្វើកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបង ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ មន្រ្ដីដែលទើបតែងតាំង និងចូលកាន់មុខតំណែងថ្មី ចាប់ពីថ្ងៃនេះ ត្រូវបំពេញភារកិច្ចចំពោះមុខ ក្នុងការខិតខំរៀនសូត្រស្វែងយល់បន្ថែមនូវសមត្ថភាពជំនាញ និងត្រូវខិតខំប្រឹងប្រែងធ្វើការងារទៅតាមភារកិច្ចតួនាទីថ្មីរបស់ខ្លួនឲ្យបានល្អ និងកាន់តែប្រសើរថែមទៀតជាមួយមន្ត្រីនៅជុំវិញខ្លួន។ ហើយមន្រ្ដីក្រោមឱវាទក៏ត្រូវរួមសហការក្នុងការបំពេញតួនាទី ភារកិច្ចចំពោះមុខរបស់ខ្លួន ឲ្យកាន់តែប្រសើរថែមទៀត។ ត្រូវចេះថែរក្សាឲ្យបានល្អនូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវចេះគោរពរាប់អានគ្នាទៅវិញទៅមក។ ត្រូវគោរពថ្នាក់ដឹកនាំ តាមឋានានុក្រមការងារ និងភារកិច្ចចំពោះមុខរបស់ខ្លួន។ ជាពិសេស ផ្តល់ការគាំទ្រ និងចេះជួយគ្នាក្នុងការធ្វើឲ្យសម្រេចកិច្ចការងារប្រកបដោប្រសិទ្ធិភាពនិងប្រសិទ្ធិផល។ ក្នុងនោះផងដែរក៏ត្រូវបន្តខិតខំក្នុងការបម្រើប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរប្រកបដោយឆន្ទៈស្មារតីមនសិការ ការងារមោះមុត នូវក្នុងការបំពេញកាតព្វកិច្ចការងារចំពោះមុខ ដែលក្រសួង ថ្នាក់ដឹកនាំខេត្ត និងអង្គភាពរបស់ខ្លួនបានប្រគល់ជូន។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការដាស់តឿន ក្រើនរំលឹក ដល់មន្រ្ដីរាជការគ្រប់ឋានានុក្រមទាំងអស់ត្រូវបន្តខិតខំរៀនសូត្រនូវចំណេះដឹង បំប៉នបំពេញបន្ថែមនូវសមត្ថភាពជំនាញចំណេះដឹងចំណេះធ្វើ និងដើម្បីទទួលបាននូវបទពិសោធន៍ការងារថ្មីៗបន្ថែមទៀត ដើម្បីជំរុញផ្នត់គំនិតថ្មីៗ ឲ្យកាន់តែជ្រួតជ្រាបយល់ដឹងអំពីលិខិតបទដ្ឋានថ្មីៗ ឬគោលការណ៍ និងច្បាប់ថ្មី ជាច្រើទៀត ដែលតម្រូវទាមទារ ឱ្យយើងម្នាក់ៗ ត្រូវឧស្សាហ៍ព្យាយាមជាប្រចាំ ដោយត្រូវខិតខំកែទម្លាប់មិនល្អ និងភាពអសកម្ម កុំឲ្យកើតមាន។ ជាមួយគ្នានេះក៏គួរតែមានការរៀបចំជាកម្មវិធីបណ្ដុះបណ្ដាលបំប៉នសមត្ថភាពទៅតាមជំនាញនីមួយៗជូនដល់មន្ត្រីចំណុះក្នុងរចនាសម្ព័ន្ធគ្រប់ថ្នាក់នៅក្នុងសាលាខេត្ត ដោយត្រូវមានគ្រូឧទ្ទេសជាអ្នកបង្ហាត់បង្ហាញបន្ថែមទៀតជូនដល់មន្ត្រីទាំងនោះ៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

ads banner