អភិបាលរាជធានី ដឹកនាំប្រតិភូ ទៅធ្វើទស្សនកិច្ចនៅវៀតណាម រយៈពេល៥ថ្ងៃ ដើម្បីពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងសមាជិកអមដំណើរ នៅល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះបានអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញប្រទេសវៀតណាម ។

ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងជិត១សប្តាហ៍ដោយចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុងឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ពិសេសលើវិស័យបរិស្ថាន សំរាម អប់រំ ទេសចរណ៍ បណ្តុះបណ្តាល និងវិស័យសុខាភិបាលជាដើម។

ចំពោះកម្មវិធីដែលបានព្រាងទុក ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយចាប់ពីថ្ងៃទី៤-៨ ខែកញ្ញា ឆ្នាំ២០២២ ។ ក្នុងនោះ គណៈប្រតិភូ នឹងអញ្ជើញចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់រដ្ឋធានីហាណូយ អញ្ជើញទៅកាន់ស្ថានីយប្រព្រឹត្តកម្មសំណល់រឹងណាំសឺន រួចបន្តទៅរោងចក្រ បាក់ធាងឡុង-វ៉ាន់ទ្រី គ្រប់គ្រងសំណល់រឹង និងរាវ ។ គណៈប្រតិភូបន្តដំណើរទៅកាន់មន្ទីរគណៈកម្មាធិការគណបក្សរដ្ឋធានីហាណូយ ។ ជួបសម្តែងការគួរសមជាមួយប្រមុខរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម បន្តទៅកាន់ វិមានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ គណៈប្រតិភូក៏នឹងអញ្ជើញ ទៅចូលរួមកម្មវិធីពិព័រណ៍ទេសចរណ៍ទីក្រុងហូជីមិញ បន្តបន្ទាប់មកទៀត គណៈប្រតិភូចូលរួមកម្មវិធីកាត់ខ្សែបូបើក“កម្មវិធីពិព័រណ៍ទេសចរណ៍ទីក្រុងហូជីមិញ”ហើយនៅថ្ងៃ០៨ កញ្ញា ដែលជាថ្ងៃចុងក្រោយ គណៈប្រតិភូនឹងអញ្ជើញមាតុភូមិនិវត្តន៍មករាជធានីភ្នំពេញវិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕ ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner