គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី៖ រដ្ឋបាលខេត្តកណ្តាល អះអាង ថា នៅសល់រង្វង់ ១៤ភាគរយទៀត ដែលមិនទាន់បញ្ចប់វិវាទ
កណ្តាល៖បញ្ហាទំនាស់ដីធ្លីរបស់ពលរដ្ឋដែលរងផលប៉ះពាល់ពី គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី នៅតែបន្តអូសបន្លាយ ខណៈ រដ្ឋបាលខេត្តកណ្តាលអះអាងថា នៅសល់រង្វង់ ១៤ភាគរយទៀត ដែលមិនទាន់បញ្ចប់វិវាទ។
លោក ប៉ែង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានអះអាងថា កន្លង មកយន្តការដោះស្រាយរបស់រដ្ឋបាលខេត្ត គឺសមស្របទៅហើយ ដោយសារតែសំណងប្រាំបីដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ គឺជាតម្លៃ ដែលមានការសិក្សាត្រឹមត្រូវតាមទីផ្សារអចលនទ្រព្យ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា៖ «ជាទូទៅអ្នកលក់ គាត់ ចង់បានថ្លៃហើយ តែគាត់មិនមានអ្វីមកយោងទេ។ អ្វីដែលគាត់ ទាមទារគឺជាសិទ្ធិរបស់គាត់ តែអ្វីដែលរដ្ឋាភិបាលបានដោះស្រាយហ្នឹង គឺតាមរយៈការសម្រេច ការវិនិច្ឆ័យពីក្រុមហ៊ុនអចលនទ្រព្យ»។
អភិបាលរងខេត្តកណ្តាលរូបនេះ បន្ថែមថា មកដល់បញ្ហាបច្ចុប្បន្ន ករណីទំនាស់ដីធ្លីរបស់ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះភ្នំពេញថ្មីនៅសល់រង្វង់១៤ភាគរយទៀតដែលមិនទាន់ដោះស្រាយរួច ហើយរដ្ឋបាលខត្តកណ្តាលនឹងបន្តយន្តការសម្រប សម្រួល ដោះសា្រយតទៅទៀត។
ជុំវិញបញ្ហានេះ លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិកម្ពុជា បានឲ្យដឹងថា មកដល់ ពេលនេះ ករណីទំនាស់ដីធ្លីរវាងពលរដ្ឋមួយចំនួន ដែលរងផល ប៉ះពាល់ពីគម្រោងអាកាសយានដ្ឋានថ្មីរបស់ក្រុមហ៊ុន OCIC នៅមិនទាន់បានទទួលដំណោះស្រាយសមស្របនៅឡើយទេ។
លោក វណ្ណ សុផាត លើកឡើងថា មកដល់បច្ចុប្បន្ន មិនទាន់មាន ដំណោះស្រាយជូនពួកគាត់ទេ តែបែរជាឲ្យតម្លៃដីដល់ពួកគាត់ ក្នុងតម្លៃទីផ្សារមួយទាបបំផុត។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌល សិទ្ធិកម្ពុជារូបនេះបន្ថែមថា កន្លងមកមានការបង្ខិតបង្ខំឲ្យពលរដ្ឋ ទទួលយកសំណងត្រឹម ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលថោក ជាងតម្លៃទីផ្សារ។
ដោយឡែក លោកស៊ឹង សែនករុណា អ្នកនាំពាក្យសមាគម ការពារសិទ្ធិមនុស្សអាដហុក (Adhoc) វិញក៏មានការ យល់ ឃើញមិនខុសគ្នាដែរ។ លោកថា ខាងអាដហុក ទទួល បានបណ្តឹងកន្លងមកនោះ មានករណី ជម្លោះដីធ្លី នៅអាកាស យានដ្ឋានថ្មី និងករណីមួយចំនួន គឺមានភាពមិនប្រក្រតីដូចជា ការកម្រិតតម្លៃ និងដាក់គោលនយោបាយដល់ពួកគាត់ ដែល ផ្ទុយនឹងតម្លៃទីផ្សារជាដើម។
គួរកត់សម្គាល់ថា គិតមកដល់ពេលនេះ វិវាទដីធ្លីរវាងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលទទួលគម្រោងអាកាសយានដ្ឋាន ភ្នំពេញថ្មី ជាមួយនឹងប្រជាពលរដ្ឋខេត្តកណ្ដាល បានអូសបន្លាយ ពេលអស់រយៈបីឆ្នាំមកហើយ ដោយពលរដ្ឋខ្លះនៅមិនព្រមទទួល យកសំណងដែលអាជ្ញាធរដែនដីផ្ដល់ឲ្យ ក្នុងតម្លៃចន្លោះពី ៣ដុល្លារ ទៅ ៨ដុល្លារ ក្នុងដីមួយម៉ែត្រការ៉េនោះទេ៕
ដោយ៖សំបាន ច័ន្ទដារ៉ា