អគ្គលេខាធិការ គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ត្រូវអនុវត្តតាមបទបញ្ជា និងនីតិវិធី
ភ្នំពេញ៖ ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២នេះ ត្រូវអនុវត្តតាមបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលត្រូវបានប្រកាសឱ្យប្រើដោយសេចក្តីសម្រេចលេខ ១៨៨ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លើកលែងតែបញ្ញត្តិពាក់ព័ន្ធនឹងសម្ភារ ឯកសារចុះឈ្មោះបោះឆ្នោត ដែលត្រូវផ្តល់ជូន លធ.ខប ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ដូចបានកំណត់ និងផ្តល់ជូនជាក់ស្តែងតាមការសម្រេចរបស់ គ.ជ.ប ផ្អែកលើផែនការសម្ភារ ឯកសារប្រចាំឆ្នាំ២០២២។
ការបញ្ជាក់នេះ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» ជូនលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។
អគ្គលេខាធិការង គ.ជ.ប បានបន្តថា ផ្អែកតាមមេរៀនពិសោធន៍កន្លងមក និងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តការងារបច្ចេកទេសចុះឈ្មោះបោះឆ្នោត គ.ជ.ប បានរៀបចំកែលម្អកម្មវិធីចុះឈ្មោះបោះឆ្នោតក្នុងប្រព្រ័ន្ធកុំព្យូទ័រ និងកែសម្រួលទម្រង់បែបបទបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត (ទ.១០២២ គ្មានអត្តលេខ) និងទម្រង់បែបបទបង្កាន់ដៃទទួលកែតម្រូវ ឬ/និងប្ដូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ (ទ.១០២៨) ព្រមទាំងបានចាត់វិធានការនានាដើម្បីការពារសន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល។
នៅក្នុងឱកាសនេះ ឯកឧត្ដម ទេព នីថា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋាន និងអង្គភាពជំនាញ គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ ដែលបានសហការ និងចូលរួមយ៉ាងសកម្មធ្វើឱ្យដំណើរការវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន ស្របតាមផែនការ និងប្រតិទិនដែលបានកំណត់។ ឯកឧត្ដម បានណែនាំដល់ លធ.ខប ទាំងអស់ត្រូវត្រៀមរៀបចំសម្ភារឧបទ្ទេស និងត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តទៅមន្រ្តី លធ.ខប ក្រុមចុះឈ្មោះបោះឆ្នោត និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងក្របខ័ណ្ឌរាជធានី ខេត្តរបស់ខ្លួន ស្របតាមផែនការ និងប្រតិទិនដែលបានកំណត់ និងតាមគោលការណ៍ណែនាំរបស់ គ.ជ.ប ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ ឯកឧត្ដម ទេព នីថា បានស្នើសុំភាគីពាក់ព័ន្ធមេត្តាជួយផ្សព្វផ្សាយបន្ត ដើម្បីអប់រំដល់សាធារណជនអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងចូលរួមសហការអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួន តាមគោលការណ៍ណែនាំរបស់ គ.ជ.ប សំដៅធានាឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រេចបានជោគជ័យ ប្រកបដោយបរិយាកាសសន្តិសុខ សុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ល្អ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
ដោយ៖ពលជ័យ
រូបភាព៖គជប