អ្នកចិញ្ចឹមត្រីនៅតែប្រឈមថ្លៃដើមខ្ពស់ ទោះបីត្រីឆ្នាំនេះហាក់មានតម្លៃនឹងនរជាង ឆ្នាំមុនក៏ដោយ
ភ្នំពេញ៖ អ្នកចិញ្ចឹមត្រី បានអះអាងថា តម្លៃត្រីចិញ្ចឹមក្នុងស្រុក នៅឆ្នាំ២០២២ នេះហាក់ មានទីផ្សារ ប្រសើរជាងឆ្នាំមុន ប៉ុន្តែពួកគេនៅតែប្រឈមបញ្ហាថ្លៃដើមឡើងថ្លៃទ្វេដង ដែលធ្វើឱ្យពួកគេមិនអាចទទួលបានប្រាក់ចំណេញពីមុខរបរនេះនោះទេ។
លោក លក លឿន កសិករចិញ្ចឹមត្រីចំនួន៤០ស្រះ នៅខេត្តកំពង់ចាម បានថ្លែងប្រាប់សារព័ត៌មាន CPA ថា ត្រីឆ្ដោឆ្នាំនេះមានតម្លៃ១២ ០០០រៀលក្នុង១គីឡូក្រាម ហើយបច្ចុប្បន្នលោកកំពុងចិញ្ចឹមត្រីត្រៀមលក់ ក្នុងអំឡុងពេលភ្ជុំបិណ្ឌចំនួន៣០តោន ហើយគាត់មិនសង្ឃឹមតម្លៃត្រីនឹងហក់ឡើងនោះទេ ទោះបីជាឆ្នាំ២០២២នេះ ជំងឺកូវីដ១៩ ហាក់ធូរស្បើយក៏ដោយ។
លោកថ្លែងដូច្នេះថា៖ «តម្លៃត្រីឆ្នាំនេះ បើត្រីឆ្ដោមានតម្លៃមិនប្រែប្រួលនោះទេ គឺមានតម្លៃ ១២០០០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែចំណែកត្រីប្រាវិញធ្លាក់ថ្លៃក្នុង១គីឡូ៣០០រៀល ឆ្នាំនេះលក់បានតែ៤ ០០០រៀលទេ។ ឆ្នាំទៅលក់បាន៤ ៣០០រៀល។ មូលហេតុដោយសារយើងចិញ្ចឹមក្នុងស្រុកច្រើន ឆ្នាំមុនៗកសិករខាតត្រីឆ្ដោ ហើយងាកមកចិញ្ចឹមត្រីប្រាវិញ។ ដូច្នេះទីផ្សារតូចចង្អៀតផង ដល់ចិញ្ចឹមលើសបរិមាណទីផ្សារ ។ដូច្នេះធ្វើឱ្យតម្លៃត្រីធ្លាក់ចុះ»។
លោកបន្តថា នៅឆ្នាំ២០២២នេះ លោកចិញ្ចឹមត្រីប្រា ត្រីពោ និងត្រីឆ្ដោ ហើយលោកចិញ្ចឹមត្រីទាំងអស់នេះវិលជុំ ដោយមិនប្រមូលផលជាន់គ្នានោះទេ ដើម្បីកុំឱ្យកកស្ទះទីផ្សារ ព្រោះរយៈពេល២ឆ្នាំកន្លងមក គាត់តែងតែជួបប្រទះបញ្ហាទីផ្សារ ដែលធ្វើឱ្យខាតបង់អស់ជាង ៣០ ម៉ឺនដុល្លារក៏មាន។
លោកបន្តថា៖ «ខ្ញុំចាប់លក់មួយខែម្តង ពីរខែម្តង ដើម្បីកុំឱ្យជាន់គ្នា ហើយកុំឱ្យតម្លៃធ្លាក់ចុះ។ ប៉ុន្តែនៅភ្ជុំបិណ្ឌចុងខែនេះ តម្លៃត្រីនៅតែដដែលទេ។ វាមិនឡើង ក៏វាមិនចុះដែរ ប៉ុន្តែយើងមិនដឹងថា ឈ្មួញយកទៅលក់បន្តទៀតគាត់ដំឡើងថ្លៃយ៉ាងម៉េចទៀត យើងអត់ដឹងទេ។ សម្រាប់អ្នកចិញ្ចឹមអត់ដំឡើងថ្លៃទេ តម្លៃនៅដដែលទេ»។
លោកបន្ថែមថា កាលពីឆ្នាំ២០២១ ក្នុងអំឡុងខែកញ្ញានេះ ត្រីឆ្កោមានតម្លៃត្រឹមតែ៩៥០០រៀលប៉ុណ្ណោះ ហើយធ្វើឱ្យកសិករមួយចំនួនបានបោះបង់ការចិញ្ចឹមត្រីឆ្ដោ មកចិញ្ចឹមត្រីប្រាវិញនៅឆ្នាំ២០២២នេះ ដោយសារមានត្រីឆ្ដោនាំចូលពីក្រៅប្រទេសច្រើន។
កសិករូបនេះអះអាងថា ទោះបីជាតម្លៃងើបឡើងបន្តិចនៅឆ្នាំនេះក៏ដោយ ក៏ក្នុងរយៈពេល២ ឆ្នាំចុះក្រោយនេះ មានកសិករប្រមាណ៤០ភាគរយ បានបោះបង់ការចិញ្ចឹមត្រី ដោយសារជួបបញ្ហាទីផ្សារ ចំណីចិញ្ចឹមត្រីឡើងថ្លៃទ្វេដង ប៉ុន្តែតម្លៃត្រីងើបឡើងតិចតួចប៉ុណ្ណោះ។
ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ លោក លឿន បានកែច្នៃចំណី ដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម។ លោកថ្លែងដូច្នេះថា៖ «យើងកែច្នៃចំណីដោយខ្លួនឯងខ្លះទៅ ហើយយើងប្រើចំណីរោងចក្រខ្លះទៅ។ បើយើងប្រើចំណីរោងចក្រទាំងអស់ គឺអត់មានប្រាក់ចំណេញនោះទេ ខាតតែម្តង»។
កន្លងមកឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានលើកឡើង តាមរយៈហ្វេសប៊ុករបស់លោក ពីបញ្ហាប្រឈមមួយចំនួនក្នុងវិស័យវារីវប្បកម្មនេះផងដែរ មានដូចជា ចំណីសម្រេចឡើងថ្លៃ ផលិតលើសត្រូវការ ពិបាកប្រកួតប្រជែងជាមួយត្រីដែលនាំចូល ដែលមានតម្លៃថោកជាង និងទីផ្សារគ្មានស្ថិរភាព។
ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ រដ្ឋាភិបាលដាក់ចេញគោលនយោបាយជំរុញវារីវប្បកម្ម ក្នុងបំណងបង្កើនផលិតភាពវារីវប្បកម្មក្នុងស្រុក ឱ្យមានការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព និងបង្កើនតម្លៃបន្ថែម មានដូចជា៖ កាត់បន្ថយការនាំចូល ដោយជំនួសមកវិញដោយការបញ្ជាទិញត្រីនៅតាមកសិដ្ឋាន តាមស្រះ និងផ្តល់ការគាំទ្របច្ចេកទេស លើកកម្ពស់ការកែច្នៃផលវារីវប្បកម្ម ឆ្លើយតបតាមស្តង់ដារគុណភាព និងសុវត្ថិភាព ដើម្បីប្រកួតប្រជែងក្នុងបរិបទពាណិជ្ជកម្មសេរី។
នាពេលថ្មីៗ កសិដ្ឋានចិញ្ចឹមត្រីប្រាចំនួន៣ និងសហគ្រាសកែច្នៃត្រីចំនួន១ ត្រូវបានរដ្ឋបាលគយចិន អនុម័តទទួលស្គាល់ឱ្យនាំចេញផលិតផលត្រីប្រាទៅប្រទេសចិន នាពេលខាងមុខឆាប់ៗនេះ ក្រោយសហគ្រាស និងកសិដ្ឋានចិញ្ចឹមត្រីទាំងអស់នេះ បានអនុវត្តតាមបច្ចេកទេស អនាម័យ និងសុវត្ថិភាព។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម ឆ្នាំ២០២១ កម្ពុជាផលិត ផលវារីវប្បកម្មបានចំនួន ៣៤៨ ៣៥០តោន ផលិតកូនត្រីពូជបាន ៣២៤លានក្បាល ចិញ្ចឹមក្រពើបាន ២៩២ ១០០ក្បាល បង្កើតបណ្តុំវារីវប្បករចំនួន ៣២៦កន្លែង មានសមាជិកចំនួន ១១ ០០០នាក់៕
ដោយ:ហ្វីន ហ្រ្វីដា