គណបក្សភ្លើងទៀន មិនបដិសេធនឹងការធ្វើសម្ព័ន្ធភាពជាមួយគណបក្សផ្សេងទៀត តែពេលនេះគណបក្សកំពុងរវល់
ភ្នំពេញ៖ មន្រ្តីជាន់គណបក្សភ្លើងទៀន បានបញ្ជាក់ថា គណបក្សមិនបដិសេធនឹងការធ្វើសម្ព័ន្ធភាពជាមួយគណបក្សផ្សេងទៀត ទោះជាក្នុងរូបមន្តណាក៏ដោយ តែពេលនេះគណបក្សកំពុងរវល់ក្នុងការរៀបចំរចនាសម្ព័ន្ធសម្រាប់ចូលរួមក្នុងការបោះឆ្នោតដែលកាន់តែខិតមកជិត។ ដូចនេះ មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីនឹងជជែកគ្នា។ កាលពីថ្ងៃម្សិលមិញ មន្រ្តីជាន់ខ្ពស់នៃគណបក្សកែទម្រង់កម្ពុជា បានបង្ហើបអំពីតម្រុយនៃចេតនាចង់បង្កើតសម្ព័ន្ធភាពជាមួយគណបក្សភ្លើង និងគណបក្សពីរផ្សេងទៀត សម្រាប់ឆ្នាំ២០២៣ខាងមុខ។

លោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី១២ ខែកញ្ញានេះថា ចំពោះរឿងសម្ព័ន្ធភាពជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សនយោបាយមួយចំនួនទៀត គណបក្សភ្លើងទៀនមិនបដិសេធនឹងលទ្ធភាពនៃការធ្វើសម្ព័ន្ធភាពក្នុងរូបមន្តបែបណានោះទេ។ ប៉ុន្តែដោយសារពេលវេលានៃការបោះឆ្នោតវាខិតជិតមកដល់ហើយ និងពេលវេលាខ្លីដែលមិនទាន់មានពេលវេលាគ្រប់គ្រាន់ក្នុងជជែករឿងនេះទេ ដោយសារគណបក្សភ្លើងទៀនកំពុងតែរវល់មមាញឹកក្នុងការរៀបចំរចនាសម្ព័ន្ធភូមិ ឃុំ ជាផ្លូវការទាំងអស់ឡើងវិញ និងពង្រឹងសកម្មជននិងថ្នាក់ដឹកនាំបន្ថែមឡើងវិញ។ ដូចនេះពេលវេលាកំពុងតែមមាញឹកមែនទែន។
លោក ថាច់ សេដ្ឋា បានបញ្ជាក់បន្ថែមថា ប៉ុន្តែនៅពេលវេលាសមស្របណាមួយយើងនឹងអាចជជែកញនាឱ្យបានស៊ីជម្រៅ។ គណបក្សភ្លើងទៀនស្វាគមន៍គ្រប់គណបក្សនយោបាយទាំងអស់ក្នុងការកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីតស៊ូរួមគ្នាក្នុងការការពារផលប្រយោជន៍ជាតិ ឬក៏កែទ្រង់អ្វីមួយ និងស្វាគមន៍ប្រជាពលរដ្ឋ និងអ្នកគាំទ្រ ដើម្បីឲ្យមានការផ្លាស់ប្តូរនៅពេលបោះឆ្នោតខាងនេះនេះ។
គណបក្សនយោបាយចំនួនបីរួមមាន គណបក្សកែទម្រង់កម្ពុជា គណបក្សខ្មែរស្រឡាញ់ជាតិ និងគណបក្សជាតិនិយម បាននិងកំពុងជជែកគ្នាលម្អិតពីការរួបរួមបញ្ចូលគ្នាដែលគ្រោងធ្វើនៅចុងខែកញ្ញាខាងមុខនេះ។ នេះបើតាមការអះអាងរបស់លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជានៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២២។ លោក អ៊ូ ច័ន្ទរ័ត្ន បាននិយាយថា៖ «មកដល់ពេលនេះ មានគណបក្សកែទម្រង់កម្ពុជា គណបក្សខ្មែរស្រឡាញ់ជាតិ និងគណបក្សជាតិនិយម បានជជែកឯកភាពក្នុងការរួបរួមចូលគ្នាតែមួយ»។

ទោះជាយ៉ាងណាអនុប្រធានគណបក្សកែទម្រង់កម្ពុជារូបនេះបានថ្លែងថា គណបក្សទាំងបីនៅមិនទាន់សម្រេចជាផ្លូវការនូវការរួបរួមនេះថា នឹងត្រូវយកគណបក្សណាមួយមកតំណាងឬត្រូវបង្កើតគណបក្សនយោបាយថ្មីនៅឡើយទេ។លោកបានពន្យល់ថា ការងារនេះកំពុងជជែកលម្អិត ពីគម្រោងរួបរួមគ្នានេះ ហើយក៏កំពុងត្រៀមប្រកាសនៅចុងខែកញ្ញានេះ។
ទន្ទឹមនឹងគណបក្សទាំងបីខាងលើត្រៀមនឹងប្រកាសពីការរួបរួមនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានដាក់សំណើ និងជម្រើសចំនួនបី ដល់គណបក្សឆន្ទៈខ្មែរ គណបក្សភ្លើងទៀន គណបក្សកែទម្រង់កម្ពុជា ដែលជម្រើសទាំងនោះរួមមាន៖ ១.ការចែកមណ្ឌលគ្នាឈរឈ្មោះ ២.ការរួមគ្នាឈរឈ្មោះក្រោមឆត្របក្សដែលមានស្រាប់ណាមួយ និង៣.ការរួមគ្នាបង្កើតបក្សថ្មីមួយ ទៅកាន់គណបក្សនយោបាយក្រៅរដ្ឋាភិបាលដែលមាននិន្នាការស្រដៀងគ្នាដើម្បីចូលរួម «សម្ព័ន្ធភាពនយោបាយ ២០២៣»។ នេះបើយោងតាមប្រភពសារព័ត៌មាន CPA៕
ដោយ៖ពលជ័យ