កិច្ចប្រជុំប្រាក់ឈ្នួលកម្មករតួលេខ និយោជក តម្លើង ១៩៧ដុល្លារ ខាងភាគីកម្មករនិយោជិតមាន ៣តួលេខខុសគ្នា ឯភាគីរដ្ឋាភិបាលបានកំណត់តួលេខ ១៩៨ដុល្លារ
ភ្នំពេញ៖ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ ក្រោយបញ្ចប់កិច្ចប្រជុំនៅព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២នេះ គឺភាគីខាង និយោជក (ថៅកែ) បានព្រមតម្លើង ១៩៧ដុល្លារ ឯខាងភាគីកម្មករនិយោជិតមាន៣តួលេខខុសគ្នា ឯភាគីរដ្ឋាភិបាលបានកំណត់តួលេខ ១៩៨ដុល្លារ។
ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ហេង សួរ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានឱ្យដឹងថា តាមរយៈការសម្របសម្រួលប្រជុំផ្ទៃក្នុងផង ត្រីភាគីផងយើងបានតួលេខនៅចុងក្រោយមួយដែលបានដាក់ចូលក្នុងរបាយការណ៍ គឺភាគីតំណាងនិយោជកតម្លើងពី១៩៦ ទៅ ១៩៧ដុល្លារ។ ដោយឡែក ភាគីសហជីពមានចំនួន ៣តួលេខផ្សេងគ្នា ក្នុងនោះតួលេខ ២០៦ដុល្លារ មានចំនួន ៨សម្លេង, តួលេខ ២១០ដុល្លារ មាន ៣សម្លេង និងតួលេខ ២១៣ដុល្លារ ចំនួន ៦សម្លេង។ ចំណែកឯភាគីរដ្ឋាភិបាលបានកំណត់តួលេខ ១៩៨ដុល្លារ ។
ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថាសម្រាប់ខាងសហជីពដែលជាតំណាងខាងកម្មករនិយោជិតគឺគាត់មិនទាន់អាចរកសម្លេងឯកភាពគ្នានៅឡើយទេ ប៉ុន្តែបើយើងអនុវត្តទៅតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរមាគាត់ត្រូវបោះឆ្នោតផ្ទៃក្នុងរបស់គាត់ដើម្បីលើកតួលេខនេះដាក់ទៅអង្គប្រជុំពិនិត្យសម្រេច ។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងឱ្យដឹងដែរថា”នៅថ្ងៃនេះយើងបើកកិច្ចប្រជុំត្រីភាគីជាលើកទី៤ ហើយតាមដែលយើងបានព្រមព្រៀងគ្នាកន្លងទៅ គឺថ្ងៃនេះជាកិច្ចប្រជុំលក្ខណៈត្រីភាគីបែបបច្ចេកទេសជាលើកចុងក្រោយ ដើម្បីយើងបូកសរុបជារបាយការណ៍គោរពជូន ឯកឧត្តមរដ្ឋមន្រ្តី ដែលជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នលអប្បរមាប្រជុំសម្រេចនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២ខាងមុខ”។
ទាក់ទិនក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងការងារបានថ្លែងថាក្រៅពីតួលេខដែលភាគីនីមួយៗបានលើកជាចុងក្រោយសម្រាប់ដាក់ជូនកិច្ចប្រជុំពេញអង្គត្រីភាគីនៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២២ខាងមុខ ភាគីតំណាងកម្មករនិយោជិតបានលើកនូវសំណូមពរចំនួន៨ និងភាគីនិយោជកបានលើកសំណូមចំនួន ៣ដើម្បីដាក់ជូនដាល់រាជរដ្ឋាភិបាលពិនិត្យសម្រេចបន្ថែមឬមួយក៏លើកទៅកាន់ភាគីពាក់ព័ន្ធដើម្បីពិនិត្យពិចារណារបស់ខ្លួន។
គួររំលឹកថាចំពោះ ប្រាក់ឈ្មួលគោលរបស់កម្មករនិយោជិតក្នុងឆ្នាំ២០២២នេះទទួលបាន ១៩៤ដុល្លារក្នុង១ខែ ដោយក្នុងនេះមិនគិតប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ ៕ ដោយ៖ ម៉ាដេប៉ូ