កម្ពុជា សម្លឹងរកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយបង់ក្លាដេស ដើម្បីបង្កើនទំហំពាណិជ្ជកម្ម
ញូវយ៉ក៖ប្រមុខនៃប្រទេសកម្ពុជានិងបង់ក្លាដេស បាននិងកំពុងសម្លឹងរកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម។ ការរំពឹងរកកិច្ចចរចានេះ ត្រូវបានលើកឡើងរវាងមេដឹកនាំប្រទេសទាំងពីរ នៅក្នុងកិច្ចជំនួបនាទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២២កញ្ញា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរនៅលើបណ្តាញហ្វេសប៊ុករបស់សម្តេចថា៖ «នេះគឺជាការចាំបាច់ដែលយើងអាចចាប់ផ្ដើមការចរចា ដើម្បីឲ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជាក៏មានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយចិន ជាមួយនឹងកូរ៉េផងដែរ»។
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី គឺ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ នឹងបង្កើនទំហំពាណិជ្ជកម្ម ដែលជាឱកាសឲ្យបង់ក្លាដេសអាចពង្រីកនិងពង្រឹងទំនាក់ទំនងជាមួយអាស៊ានផង។
សម្រាប់លោកស្រី ស្ហេក ហាស៊ីណា (Sheikh HASINA) នាយករដ្ឋមន្រ្តីបង់ក្លាដែស បានថ្លែងថា៖ «យើងអាចមានកិច្ចព្រមព្រៀងជាមួយគ្នា ហើយកន្លងមកប្រទេសទាំងពីរក៏ធ្លាប់បានធ្វើកិច្ចការងារជាមួយគ្នាដែលអាចពង្រីក និងពង្រឹង ធ្វើធុរកិច្ចជាមួយគ្នាឲ្យកាន់តែច្រើន»។ ពោលគឺបង់ក្លាដេសក៏មានបំណងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រទេសទាំងពីរ ដើម្បីបង្កើនការនាំចេញ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បញ្ជាក់ថា លោកមិនទាន់ទទួលបានព័ត៌មានពីការសិក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជានិងបង់ក្លាដេស នៅឡើយនោះទេ។ ក៏ប៉ុន្តែលោកថ្លែងថា៖ «រាល់អ្វីដែលកម្ពុជាធ្វើ គឺជាការពង្រីកទីផ្សារថ្មី និងពង្រឹងទីផ្សារចាស់ ហើយការដែលធ្វើនេះ គឺធ្វើតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការរក្សានិរន្តភាពនៃការផ្គត់ផ្គង់នេះឯង»។
បើតាមអ្នកនាំពាក្យរូបនេះ កម្ពុជានិងបង់ក្លាដេស មានផលិតផលសក្តានុពលដូចជាទៅលើការនាំចេញផលិតផលសំលៀកបំពាក់ ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មួយរយៈកាលចុងក្រោយក៏មានការកើនឡើងគួរឲ្យកត់សម្គាល់។
គិតមកដល់ពេលនេះ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចំនួនពីរនៅក្នុងដៃ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េខាងត្បូង។ ឯកឧត្តម ប៉ែន សុវិជាតិ បញ្ជាក់ថា កិច្ចការងារនេះ គឺក្រសួងពាណិជ្ជកម្មបាននិងកំពុងសម្លឹងរកប្រទេសជាដៃគូផ្សេងទៀត ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បន្តថា៖ «យើងបានរៀបចំជាក្រុមការងារ ដែលធ្វើការសិក្សាភាគច្រើនហើយទៅលើ FTA ទីផ្សារធំៗ។ ជំហានបន្ទាប់ វាអាចសម្លឹងមើលទៅកាន់ប្រទេសជប៉ុន ព្រោះជប៉ុនក៏ជាដៃគូមួយក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ចសព្វជ្រុងជ្រោយថ្នាក់តំបន់ RCEP ដែរ។»
ក្រៅនេះក្រសួងក៏នឹងបន្តសម្លឹងមើលទីផ្សារធំៗផ្សេង តួយ៉ាងដូចជា ប្រទេសអង់គ្លេស សហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា ឥណ្ឌា និងប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត ជាដើមជាបន្តទៀត។ នេះបើតាមឯកឧត្តម ប៉ែន សុវិជាតិបញ្ជាក់៕
ដោយ៖សេក ប្រាក់