សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសម្លេងជូនជនរួមជាតិ ពេលអញ្ជើញដល់រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក នឹងបន្តដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព លោក អាបេ ស៊ិនហ្សូ

អាឡាសស្កា៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារពិសេសជូនជនរួមជាតិ ពេលសម្តេចអញ្ជើញដល់រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ដើម្បីចុះចតចាក់សាំង ក្នុងការបន្តដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។

តាមរយៈសារសំឡេងសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនជនរួមជាតិថា សម្តេចបានចាកចេញពីប្រទេសគុយបា ហើយបានមកចតចាក់សាំងនៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក រួចបន្តដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព របស់អតីតនាយករដ្ឋមន្ត្រី ជប៉ុន លោក អាបេ។

តាមការបញ្ជាក់របស់សម្តេចតេជោ ការបន្តដំណើរពីរដ្ឋអាឡាស្កា ទៅកាន់ទីក្រុងតូក្យូ ត្រូវចំណាយពេល៧ម៉ោង និង៤០នាទី ដូច្នេះរយៈពេលនៃការធ្វើដំណើរពីប្រទេសគុយបា ទៅដល់ប្រទេសជប៉ុន មានរយៈពេលជាង១៦ម៉ោង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា «ខ្ញុំព្រះករុណាខ្ញុំ នឹងបន្តស្នាក់នៅទីក្រុងតក្យូ ប្រទេសជប៉ុនរយៈពេល២យប់ នឹងត្រឡប់មកដល់មាតុប្រទេសវិញ នៅថ្ងៃទី២៨ ខែកញ្ញានេះ។ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថានឹងវិលត្រឡប់ទៅប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ពីការចូលរួមបុណ្យសព អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៉ិនហ្សូ អាបេ ហើយនៅទីនោះខ្ញុំព្រះករុណាខ្ញុំ ក៏មានការជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញាផងដែរ»។

បើទោះបីមមាញឹកជាមួយ ការបំពេញការងារនៅក្រៅប្រទេសក្តី សម្តេចបានបង្ហាញនូវអារម្មណ៍រីករាយ ដែលបងប្អូនប្រជាពលរដ្ឋ បានប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ ប្រកបដោយជោគជ័យ ជាមួយនឹងការរក្សាបាននូវសុវត្ថិភាពគ្រប់ផ្នែក ពិសេសការពារបានដ៏ល្អប្រសើរ មិនឲ្យមានការរីករាលដាលនៃជំងឺកូវីដ១៩។

សម្តេចបានទទួលព័ត៌មានពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាបន្តបន្ទាប់អំពីព័ត៌មាននៃការឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃ គឺក្នុងកម្រិតក្រោម១០ករណី ឬលើសបន្តិចបន្តួចប៉ុណ្ណោះ។ ជាមួយគ្នានេះ សម្តេចក៏ទទួលបានព័ត៌មានពីលោកជំទាវ ឱ វណ្ណឌីន ពីស្ថានភាពនៃការចាក់វ៉ាក់សាំងកូវីដ១៩ ហើយសម្តេចក៏នៅបន្តតាមដានកិច្ចការជាមួយសម្តេចក្រឡាហោម ស ខេង ជាបន្តបន្ទាប់ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ទោះបីខ្ញុំព្រះករុណាខ្ញុំ មិនបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះក្តី ក៏ខ្ញុំព្រះករុណាខ្ញុំ សប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើបុណ្យយ៉ាងសប្បាយរីករាយនៅក្នុងឆ្នាំនេះ ដែលខុសប្លែកពីឆ្នាំទៅ ដែលយើងស្ថិតក្នុងស្ថានភាពដ៏អាក្រក់ នៃជំងឺកូវីដ១៩»៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner