គេទៅស្រុកអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឃើញមានឱកាសល្អ ឆ្កឹះបន្ទប់គេចូលលួចទ្រព្យសម្បត្តិ ត្រូវម្ចាស់ផ្ទះជួលឃើញទាន់ចាប់បាន ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ឃើញមានឱកាសល្អ បងប្អូនប្រជាពលរដ្ឋ ទៅស្រុកបាត់អស់ស្ងាត់ភូមិ ក្នុងឱការបុណ្យភ្ជុំបិណ្ឌ បានធ្វើសកម្មភាពដើរឆ្កឹះសោរតាមបន្ទប់ជួល ចូលប្រមូលលួចយកទ្រព្យសម្បត្តិ ត្រូវបានម្ចាស់ផ្ទះជួលឃើញទាន់ ស្របពេលកម្លាំងសមត្ថកិច្ចចេញល្បាតឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៤ និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះជួល នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ៃ រ៉ាឌី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅក្នុងភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ សមត្ថកិច្ចដកហូតបាន រ៉ូប, ខោអាវ, របស់របរគ្រឿងសម្អាង, របស់ម្ចាស់បន្ទប់ និងដែកសរសៃប្រើសម្រាប់ឆ្កឹះសោ ដែលជារបស់ជនសង្ស័យមួយចំនួន ។

តាមសម្តីស្ត្រីជាម្ចាស់ផ្ទះ ឈ្មោះ គី ស្រីមុំ អាយុ ៤៥ឆ្នាំរស់នៅផ្ទះកើតហេតុខាងលើ និងជាដើមបណ្តឹង បានប្រាប់ឱ្យដឹងថា នៅផ្ទះជួលរបស់គាត់ ដែលមានអ្នកជួលបន្ទប់ស្នាក់នៅមានចំនួន ២៤បន្ទប់ សុទ្ធតែជាបងប្អូនកម្មករ កម្មការិនីរោងចក្រ បាននាំគ្នាចាកចេញទៅស្រុកកំណើតរៀងៗខ្លួនអស់ហើយ ក្នុងឱការបុណ្យភ្ជុំបិណ្ឌនេះ។ ចំណែករូបគាត់ និងក្រុមគ្រួសារជាម្ចាស់ផ្ទះ នៅចាំមើលផ្ទះ។ ស្ត្រីដដែលបានបន្តទៀតថា នៅវេលាម៉ោងជាង៤ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ខណៈដែលកំពុងដេកសម្រាក ឮសូរសម្លេងបើកទ្វារ តាមបន្ទប់ជួលរបស់គាត់ ក៏សង្ស័យព្រោះថា អ្នកជួលតាមបន្ទប់ទៅស្រុកអស់បាត់ហើយ ចុះម្តេចមានអ្នកបើកទ្វារចូលទៀត ក៏ដើរតាមរកមើលតាមបន្ទប់ ក៏ស្រាប់តែឃើញភ្លើងពិល កំពុងនៅក្នុងបន្ទប់A52 កាន់តែសង្ស័យត្រង់ថា ម្ចាស់បន្ទប់ជាមនុស្សស្រី នៅលីវទេ ចុះម្តេចបានមានមនុស្សប្រុសចូលក្នុងបន្ទប់ តាមទៅពិនិត្យមើលស្រាប់តែឃើញជនសង្ស័យ បានកំពុងប្រមូលអុីវ៉ាន់ និងជញ្ជូនចេញ ស្របពេលដែលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ ដើរចេញល្បាតនៅក្នុងមូលដ្ឋាន ហើយរូបគាត់ បានរាយការណ៍ប្រាប់ ឱ្យសមត្ថកិច្ចចាប់ខ្លួនបាន រួមជាមួយវត្ថុតាង នាំយកទៅប៉ុស្តិ៍តែម្តង ។

ចំពោះមុខសមត្ថកិច្ចជនសង្ស័យ រូបនេះ បានឆ្លើយសារភាពថា ខ្លួនពិតជា ដើរធ្វើសកម្មភាពលួចតាមបន្ទប់ជួលពិតមែន គ្រាដែលឃើញមានឱកាសល្អ និងស្ងាត់ ដែលអ្នកស្នាក់នៅតាមបន្ទប់ជួលទៅស្រុកអស់ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ បន្ទាប់ពីចាប់ខ្លួនបាន រួមជាមួយហ្នឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍ កសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner