អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ អញ្ជើញជួបសំដែងការគួរសម និងជម្រាបលា ឯកឧត្តម គណៈអភិបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ការជួបសំដែងការគួរសមនេះបានធ្វើឡើងនៅ ថ្ងៃ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីឯកឧត្តមបានបញ្ចប់បំពេញបេសកកម្មការទូតក្នុងអាណត្តិរបស់ឯកឧត្តមរយៈពេល៣ឆ្នាំ នៅខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា យើងមិនបានជួបញឹកញាប់ដោយសារតែវិបត្តិកូវីដ១៩ ក៏ប៉ុន្តែយើងបានធ្វើការរួមគ្នាជាច្រើនលើផ្នែកការងារសន្តិសុខ សេដ្ឋកិច្ច ការងារអភិវឌ្ឍ និងការងារុករឥដ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅលើទឹកដីខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា ការបង្ក្រាបអំពើរជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្មនៅខេត្តព្រះសីហហនុ យើងមានការសហការល្អពីមន្ត្រីកុងស៊ុលវៀតណាម ដែលមានពលរដ្ឋវៀតណាមឆ្លងដែនចូលមកខេត្តព្រះសីហនុដោយខុសច្បាប់ និងបានបញ្ជូនពួកគេត្រឡប់ទៅវិញ។
ឯកឧត្តម គួច ចំរើន បន្តថា ដោយមានការគាំទ្រពីកម្លាំងថ្នាក់ជាតិ និងកម្លាំងរបស់ខេត្ត យើងបានបិទបញ្ចប់អំពើល្បែងស៊ីសងខុសច្បាប់ទាំងឡាយ ។ ឯកឧត្តម បានវាយតម្លៃថា អាណត្តិកុងស៊ុលរបស់ឯកឧត្តមមានកិច្ចសហការបានល្អ យើងគិតថាកុងស៊ុលថ្មី នឹងបន្តកិច្ចការនេះកាន់តែល្អប្រសើថែមទៀត។
ឯកឧត្តម វូ ង៉ុកលី បានគូសបញ្ជាក់ថា រយៈពេល ៣ឆ្នាំនេះ ឯកឧត្តមបានបំពេញការងារនៅខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ កែប និងខេត្តកំពត។ ដោយមានការគាំទ្រពីអាជ្ញាធរកម្ពុជា និងការគាំទ្រពីប្រជាពលរដ្ឋកម្ពុជារយៈពេល ៣ឆ្នាំកន្លងមកនេះធ្វើឱ្យបេសកកម្មរបស់ឯកឧត្តមទទួលបានលទ្ធផលជាទីមោទនៈ។
ឯកឧត្តម វូ ង៉ុកលី បានថ្លែងកោតសរសើរឯកឧត្តមអភិបាលខេត្តព្រះសីហនុថា បានដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា និងទទួលបានជោគជ័យ។ ក្នុងបេសកកម្មនៅខេត្តព្រះសីហនុ ឯកឧត្តម មើលឃើញពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំឯកឧត្តមអភិបាលខេត្ត។ ហើយថ្មីៗនេះទាក់ទងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅខេត្តព្រះសីហនុ អាជ្ញាធរប្រទេសវៀតណាមកំពុងផ្សព្វផ្សាយដល់ពលករដែលចង់រកការងារនៅក្រៅបរទេស ត្រូវធ្វើតាមច្បាប់របស់ប្រទេសនីមួយៗ។
ក្នុងនោះឯកឧត្តម អគ្គកុងស៊ុល បានថ្លែងអំណរគុណអាជ្ញាធរខេត្តព្រះសីហនុ និងកងកម្លាំងប្រដាប់អាវុធ ដែលបានជួយសង្គ្រោះកម្មករវៀតណាមឱ្យបានវិលត្រឡប់ទៅស្រុកកំណើតវិញ។
ឯកឧត្តមសង្ឃឹមជឿជាក់ថា ខេត្តជាប់ព្រំដែនប្រទេសទាំងពីរ និងមានកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព សាមគ្គីភាពកាន់តែល្អប្រសើរនៅពេលខាងមុខ ពិសេសរវាងប្រជាជន និងអាជ្ញាធរប្រទេសទាំងពីរកាន់តែមានភាពស្និតស្នាល៕ ខៀវ សាវ៉ុន