តុលាការនឹងប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ លើសំណុំរឿងចោទប្រកាន់ គ.ជ.ប ជាចោរលួចសន្លឹកឆ្នោត នៅថ្ងៃទី៧ ខែតុលា

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈ និងចោទប្រកាន់គ្មានមូលដ្ឋានថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាចោរលួចបន្លំសន្លឹកឆ្នោត នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។ ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះកាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ ដោយនៅក្នុងសវនាការមានវត្តមានឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប តំណាងឱ្យភាគី គ.ជ.ប ដែលជាដើមបណ្តឹង និងលោក សុន ឆ័យ ដែលជាចុងចោទ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងចោទប្រកាន់ថា គ.ជ.ប ជាចោរលួចបន្លំសន្លឹកឆ្នោត។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី២៩ ខែកញ្ញានេះថា តាមអ្វីដែលតំណាងព្រះរាជអាជ្ញាធ្វើការវាយតម្លៃ គ.ជ.ប នឹងទទួលបាននៅការចាត់ចែងតាមនីតិវិធីតុលាការ ដើម្បីឲ្យបុគ្គល សុន ឆ័យ ធ្វើការសុំទោសជាសាធារណៈជាលិខិតជាលាយលក្ខអក្សរ ហើយផ្សព្វផ្សយាជាសាធារណៈ ហើយតុលាការនឹងផ្តន្ទាទោសតាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធទៅនឹងការបរិហាកេរ្តិ៍នេះ។

អគ្គលេខាធិការរង គ.ជ.ប បានសង្កត់ធ្ងន់ថា “បើមិនធ្វើបែបនេះទេ គ.ជ.ប នឹងបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋអ្នកបោះឆ្នោត រួមជាមួយនឹងគណបក្សនយោបាយផ្សេងទៀតដែលមានបំណងចូលរួមការប្រកួតប្រជែងការបោះឆ្នោឆ្នាំ២០២៣ ដែលជាការបោះឆ្នោតជាតិ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយជឿជាក់ថា តុលាការនឹងយល់ពីបញ្ហារបស់ គ.ជ.ប ពីព្រោះថា ការចោទប្រកាន់ គ.ជ.ប ជាចោរលួចបន្លំសន្លឹកឆ្នោត គឺជាការប្រមាថមួយដល់ធ្ងន់ធ្ងរដល់ស្ថាប័នជាតិ។ បើសិនជាមិនមានវិធានការច្បាស់លាស់តាមយន្តការតុលាការទេ គឺស្ថាប័ន គ.ជ.ប នឹងបាត់ទំនុកចិត្តពីប្រជាពលរដ្ឋ”។

គួរបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ នេះបើតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ នៅក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់បានសម្រេចចោទប្រកាន់លើលោកសុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនជនជាប់ចោទ (សុន ឆ័យ) ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៩០៧ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ និងវត្ថុតាងព្រមទាំងបញ្ជីរាយនាមជនដែលទាក់ទិនក្នុងសំណុំរឿងនេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះតាមច្បាប់។ តំណាងអយ្យការយល់ឃើញថា ជនសង្ស័យឈ្មោះ សុន ឆ័យ ពិតជាបានទទួលស្គាល់ថាខ្លួនពិតជាបានធ្វើបទសម្ភាសន៍ និងទទួលស្គាល់នូវខ្លឹមសារនៃបទសម្ភាសន៍របស់ខ្លួននៅក្នុងកម្មវិធី អាយឌាថក (IDEA TALK) ។ ខ្លឹមសារនៃបទសម្ភាសន៍របស់ឈ្មោះ សុន ឆ័យ ពិតជាបានបង្ហាញឲ្យឃើញនូវធាតុផ្សំនៃបទល្មើស ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ដែលបង្ហាញតាមរយៈសម្តីរបស់ឈ្មោះ សុន ឆ័យ បានធ្វើការអះអាងដោយបំផ្លើស និងជាការទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា បានរៀបចំការបោះឆ្នោត ប្រកបដោយភាពមិនប្រក្រតី ទាំងមុនថ្ងៃបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយបោះឆ្នោតថា មានការបំភ័យប្រជាពលរដ្ឋ មានការបំបាត់នូវឆន្ទៈរបស់ប្រជាពលរដ្ឋ មានការលួចសន្លឹកឆ្នោត គ.ជ.ប មិនឯករាជ។ល។ ដែលសម្តីទាំងនេះពុំមានភស្តុតាងណាមួយ ដែលយកមកបញ្ជាក់ឲ្យបានឃើញច្បាស់ថា ការអះអាងរបស់ខ្លួនជាការពិតឡើយ។

តំណាងអយ្យការបានបញ្ជាក់ថា ភស្តុតាងដែលជនសង្ស័យ ក៏ដូចជាមេធាវីការពារសិទ្ឋឲ្យជនសង្ស័យឈ្មោះ សុន ឆ័យ បានដាក់ជូនមកដើម្បីពិនិត្យនោះ តំណាងអយ្យការបានពិនិត្យឃើញថា ជាភស្តុតាងដែលត្រូវបានលើកឡើងដោយឯកតោភាគី ជាការអះអាងរបស់ក្រុមមួយ ឬអង្គការសង្គមស៊ីវិលមួយចំនួនដោយគ្មានមូលដ្ឋានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដែលមិនអាចឲ្យតំណាងអយ្យការធ្វើការថ្លឹងថ្លែង និងពិចារណាទទួលថាជាភស្តុតាង ដែលអាចយកមកបញ្ជាក់ពីសម្តីរបស់ជនសង្ស័យឈ្មោះ សុន ឆ័យ ថាជាការពិត ពីព្រោះថាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ត្រូវបានធ្វើឡើងត្រឹមត្រូវតាមច្បាប់ និងស្ថិតនៅក្រោមការតាមដានពីអ្នកសង្កេតការជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិចំនួន៧២ អ្នកសង្កេតការអន្តរជាតិ និងអង្គការអន្តរជាតិចំនួន១៩ ប្រតិភូស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំនៅកម្ពុជាចំនួន៥ស្ថាប័ន។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។ ការដាក់ពាក្យបណ្តឹងបានធ្វើឡើងបន្ទាប់ពីលោកសុន ឆ័យ បានធ្វើការចោទប្រកាន់គ្មានការពិតទៅលើស្ថាប័ន គ.ជ.ប។

យោងតាមពាក្យបណ្តឹងរបស់គ.ជ.ប ដែលបានដាក់ចូលទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្ដឹងឈ្មោះ សុន ឆ័យ ភេទប្រុស កើតនៅថ្ងៃទី ០១ ខែមករា ឆ្នាំ១៩៥៦ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ៤០ ផ្លូវលេខ ៥៦៨ ភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធីនៃកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មានអនឡាញ IDEA TALK នៃសារព័ត៌មាន Cambodia Daily។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់អំពីអង្គហេតុថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងពេលសម្ភាសន៍នៅនាទី ១០:២៣ ដល់នាទី ១០:៣១ ឈ្មោះ សុន ឆ័យ បានឆ្លើយតបទៅនឹងសំណួររបស់ឈ្មោះ តាំង សារ៉ាដា ដោយមាន ខ្លឹមសារថា “…លទ្ធផលនេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង…”។ នៅនាទី ១៣:២៤ ដល់ ១៣:៣៣ “…យើងមិនចង់ប្រៀបធៀបដូចចោរលួចគោទេ ដូចយើងនិយាយអញចឹង ចោរលួចគោ បើវាលួចគោបីហើយ យើងម៉េចមិនឲ្យវាលួចទាំង៥ទៅ។ ហើយនៅនាទី ១៤:២២ ដល់នាទី ១៤:៥៥ ឈ្មោះ សុន ឆ័យ បានបន្តថា “…មិនមែនដោយសារគណបក្សប្រឆាំងឡាំប៉ានោះទេ ចេះនិយាយនោះទេ គេមានបច្ចេកទេស គេមានភស្តុតាង គេមានប្រធានភូមិនៅណា កត់អ្វីខ្លះ ទាហាននៅត្រង់ណា ក្បែរកន្លែងបោះឆ្នោតហ្នឹងយកទាហានឱ្យដើរគគ្រឹកគគ្រេង ទាំងយប់នឹង ធ្វើអ្វីខ្លះនឹង ស្អីៗនឹងគេដឹង ដូច្នេះខ្ញុំថា វាអត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប មិនឯករាជ្យ ហើយលទ្ធផលវាមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋពិតប្រាកដទេ។

ផ្អែកតាមខ្លឹមសារដែលឈ្មោះ សុន ឆ័យ បានឆ្លើយក្នុងកិច្ចសម្ភាសន៍ខាងលើ ឈ្មោះ សុន ឆ័យ បានចោទប្រកាន់បំភ្លៃខុសពីការពិតថា “…លទ្ធផលនេះមិនឆ្លុះបញ្ចាំងពីឆន្ទៈ ប្រជាពលរដ្ឋទេ…វាមានការលួច …ចោរលួចគោអស់ ៣ នៅសល់ ២ យើងឱ្យចោរមកលួច ២ ទៀត មានអ្នកណាធ្វើបែបហ្នឹងកើត …វាអត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប មិនឯករាជ្យ…”។ ការលើកឡើងនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ន គ.ជ.ប ដែលត្រូវបំពេញភារកិច្ចការងារ ដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។
ពាក្យបណ្តឹងរបស់តំណាង គ.ជ.ប បានស្នើឲ្យទី១. ផ្ដន្ទាទោសឈ្មោះ សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ទី២. ឱ្យឈ្មោះ សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។

ទាក់ទងករណីខាងលើនេះ គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក៏បានដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន លើកការចោទ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ ដោយស្នើសុំឱ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្តបួនពាន់លានរៀល ឬស្មើនឹងមួយលានដុល្លារអាមេរិក។ បណ្តឹងនេះបានប្រគល់សិទ្ធជូនលោក គី តិច ជាមេធាវី តំណាងឱ្យគណបក្សប្រជាជនកម្ពុជា៕
ដោយ៖ពលជ័យ

ads banner