អ៊ីស្រាអែល សរសើរ ផែនការ របស់ អាមេរិក ចំពោះ កិច្ច ព្រម ព្រៀង ព្រំដែនទឹកជាមួយ លីបង់
អ៊ីស្រាអែល:ប្រទេសអ៊ីស្រាអែល បាន សរសើរ សំណើ របស់ អាមេរិក ដើម្បី ដោះស្រាយ ជម្លោះ ព្រំដែន សមុទ្រ របស់ ប្រទេស ខ្លួន ជាមួយ លីបង់ ដោយ បង្កើត សន្ទុះ បន្ថែម ទៀត ឆ្ពោះ ទៅ រក កិច្ច ព្រម ព្រៀង រវាង ប្រទេស ទាំង ២ ដែល នៅ តែ មាន ជម្លោះ ។
សេចក្តី ព្រាង កិច្ច ព្រម ព្រៀង ដែល រៀប ចំ ឡើង ដោយ បេសកជន សហរដ្ឋ អាមេរិក លោក Amos Hochstein មាន គោល បំណង ដោះស្រាយ ការ ទាមទារ ទៅ វិញ ទៅ មក លើ តំបន់ មាន ឧស្ម័ន ធម្មជាតិ នៅ ក្នុង សមុទ្រ មេឌីទែរ៉ាណេ ។ សេចក្ដី ព្រាង នេះ ត្រូវ បាន ប្រគល់ ជូន មន្ត្រី លីបង់ និង អ៊ីស្រាអែល កាល ពី ចុង សប្តាហ៍ ។
អាជ្ញាធរ លីបង់ ដែល បាន បញ្ជាក់ ពី ការ ទទួល លក្ខខណ្ឌ បាន សន្យា ថា នឹង ផ្តល់ ការ ឆ្លើយ តប ឱ្យ បាន លឿន តាម ដែល អាច ធ្វើ បាន បន្ទាប់ ពី មាន ការ ព្រងើយ កន្តើយចំពោះ ការ ប្រកាស ដែល ថា កិច្ច ព្រម ព្រាង រវាងលីបង់ និង អ៊ីស្រាអែល ឈាន ជិតដល់ ការ សម្រេច បាន។
នាយក រដ្ឋ មន្ត្រី អ៊ីស្រាអែល លោក Yair Lapid បាន ថ្លែង ប្រាប់ គណៈ រដ្ឋ មន្ត្រី របស់ លោក កាល ពី ថ្ងៃ អាទិត្យ ថា សំណើ របស់ សហរដ្ឋ អាមេរិក នឹង ពង្រឹង សន្តិសុខ និង សេដ្ឋកិច្ច របស់ អ៊ីស្រាអែល ។ លោក បន្ត ថា ៖ « ដូច ដែល យើង បានអះអាង តាំង ពី ដំបូង សំណើ នេះ ការពារ ផល ប្រយោជន៍ សន្តិសុខ – ការ ទូត ពេញ លេញ របស់ អ៊ីស្រាអែល ក៏ ដូច ជា ផល ប្រយោជន៍ សេដ្ឋកិច្ច របស់ យើង » ។
លីបង់ និង អ៊ីស្រាអែល មិន មាន ទំនាក់ ទំនង ការ ទូត នោះ ទេ ហើយ ព្រំដែន ដី របស់ ប្រទេស ទាំង ២ ត្រូវ បាន ល្បាត ដោយ អង្គការ សហប្រជាជាតិ ។ ភាគី ទាំង ២ បាន បើក ការ ចរចា ឡើង វិញ អំពី ព្រំដែន សមុទ្រ របស់ ខ្លួន នៅ ឆ្នាំ ២០២០ ប៉ុន្តែ ដំណើរការ នេះ ត្រូវ ជាប់ គាំង ដោយ លីបង់ អះអាង ថា ផែនទី អង្គការ សហប្រជាជាតិ ប្រើ ក្នុង កិច្ច ចរចា ត្រូវ បាន កែ ប្រែ ។
ប៉ុន្តែ កន្លង មក វឌ្ឍនភាព នៃ ការ សម្រុះ សម្រួល គ្នា បាន កើត ឡើង ជា បន្ត បន្ទាប់ ពី ប្រទេស លីបង់ ដែល ទំនង ជា កែប្រែ គោល ជំហរ របស់ ខ្លួន ពិសេស ទាក់ ទង នឹង តំបន់ មាន ឧស្ម័ន ធម្មជាតិ Karish ដែល អ៊ីស្រាអែល អះ អាង ថា ជា ទឹក ដី របស់ ខ្លួន ហើយ មិនព្រម ធ្វើ ការ ចរចា ។
ប្រធាន Hezbollah ដែល ចលនា នយោបាយ ស៊ីអ៊ីត លីបង់ ដ៏ មាន ឥទ្ធិពល លោក Hasan Nasrallah ធ្លាប់ បាន គំរាម អ៊ីស្រាអែល ដោយ ការ វាយ ប្រហារ ប្រសិន បើ ប្រទេស នេះ ទាញ ឧស្ម័នពី តំបន់ Karish ប៉ុន្តែ កាល ពី ថ្ងៃ សៅរ៍ លោក បាន ហៅ សំណើ របស់ សហរដ្ឋ អាមេរិក ថា ជា ជំហាន ដ៏ សំខាន់ ៕
ដោយ:ហួន ឌីណា
ប្រភព៖ Israel praises US plan for Lebanon maritime border deal