ឧត្តមសេនីយ៍ទោ សោម ស៊ុន ៖ កងទ័ពជាកូនចៅរបស់ប្រជាជន ត្រូវដឹងពីទុក្ខលំបាក និងបម្រើប្រជាជនដោយស្មោះ
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន បានបើកកិច្ចប្រជុំផ្សព្វផ្សាយ អំពីសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិ រួមទាំងការវិវឌ្ឍន៍ថ្មីៗ ជាពិសេសការរងផលប៉ះពាល់ដោយសារសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងសភាពការណ៍ ការប្រែប្រួលអាកាសធាតុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បណ្ដាលឲ្យមានគ្រោះទឹកជំនន់បង្កឲ្យរងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវធ្វើដំណើរ ការខូចខាតផលដំណាំស្រូវ និងការលិចលង់ផ្ទះសម្បែង ព្រមទាំងប្រគល់ភារកិច្ចសំខាន់ៗជូនយោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះយោធិនគ្រប់បណ្ដាកងឯកភាព ដែលបានខិតខំយ៉ាងសកម្ម សហការជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំងបី ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅតាមមូលដ្ឋាននានាក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ ។
ក្នុងកិច្ចប្រជុំ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗ ដែលត្រូវអនុវត្តចំពោះមុខ ទី១ ត្រូវបន្តចាត់តាំងកងកម្លាំង នៅនឹងន្លែងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅតាមមូលដ្ឋាននានា ឲ្យបានទាន់ពេលវេលា។
ទីពីរ៖ គ្រប់បណ្ដាកងឯកភាព ត្រូវប្រុងប្រៀបកងកម្លាំង មធ្យោបាយគ្រប់គ្រាន់ ដើម្បីអន្តរាគមន៍ ក្នុងការធ្វើសកម្មភាពនៅតាមគោលដៅសំខាន់ៗ តាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។
និងទីបី៖ សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដើម្បីចូលរួមក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព សហការអប់រំប្រជាជន ទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវប្ដេជ្ញាចិត្តដាច់ខាតក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និង ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបបោះឆ្នោត ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ប៊ុន រដ្ឋា