ប៉ាគីស្ថាន៖ មន្ទីរពេទ្យភាគខាងត្បូង ​​កំពុង​ចាល់ណែនដោយអ្នកជំងឺ ក្រោយ​ជំនន់ទឹកភ្លៀង​

អត្ថបទដោយ៖
CPA

ប៉ាគីស្ថាន៖ទឹកជំនន់ធ្ងន់ធ្ងរនៅប៉ាគីស្ថាន​កាលពីសប្តាហ៍កន្លងទៅ មិនត្រឹមតែផ្តាច់យកជីវិតមនុស្សខ្ទង់ពាន់នាក់នោះ​ទេ តែវិបត្តិអាកាសធាតុនេះ កំពុងបន្ត​​រុញច្រានឱ្យ​ប្រជាជន​រាប់​លាន​នាក់ ​ត្រូវ​​​​រស់នៅក្នុង​ស្ថានភាពដ៏លំបាកជាមួយ​ជំងឺអាសន្នរោគ​ដែល​ឆ្លងតាមទឹក។ ​

ជំងឺអាសន្នរោគបង្កចេញពីគ្រោះ​ទឹកជំនន់ កំពុងធ្វើឱ្យកន្លែងសម្រាកសង្គ្រោះ​​​បន្ទាន់នៅតាមមន្ទីរពេទ្យ​ធំៗរបស់រដ្ឋ​ នៅក្រុង​Sehwan ខេត្ត Sindh ភាគខាងកើតប្រទេស​ប៉ាគីស្ថាន​ កំពុងចាល់ណែន​ទៅដោយអ្នកជំងឺ រងចាំការព្យាបាល​។ បើតាមការ​ឱ្យ​របស់​អ្នកកាសែត​​របស់​ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលបាន​ចុះយក​ព័ត៌មាន​ដល់កន្លែង មានមនុស្សរាប់រយនាក់ អង្គុយ​តម្រៀប​ចាំចូល​បន្ទប់ពេទ្យ​យ៉ាងអន្ទះសា ដើម្បីស្វែងរក​ការព្យាបាល​ជំងឺផ្សេងៗដូចជា ជំងឺគ្រុនចាញ់​ រាគរូស និងជំងឺផ្សេងទៀត។

មន្ត្រីសុខាភិបាល និងគ្រូពេទ្យវិញ​កំពុងតែមានភាពលំបាកខ្លាំង ចំពោះ​ការ​ទប់ទល់លំហូរអ្នកជំងឺ​ដ៏ច្រើនបែប​នេះ។ រដ្ឋាភិបាល និងអាជ្ញាធរ​សុខាភិបាល​​ក្នុងតំបន់កំពុងប្រកាសជួលគ្រូពេទ្យបន្ថែមដល់​ទៅ​ប្រាំពាន់នាក់។

​យ៉ាងហោចណាស់ ១ភាគ​៣ នៃផ្ទៃដី​ប៉ាគីស្ថាន ត្រូវបានលិចលង់ដោយ​ទឹកជំនន់ រយៈពេល​ប្រមាណ​២ខែជាប់គ្នាមកនេះ​។ ទឹកជន់ដោយភ្លៀងបន្ត​ល្ហល្ហេវនៅ​លើផ្ទៃដីរាប់រយគីឡូម៉ែត្រ និងទម្រាំស្រកគឺ​​​ត្រូវការរយៈពេល ​២-៦ ខែ​​ ខណៈប្រជាជន ពិសេសស្ត្រី មនុស្ស​​ចាស់ និងក្មេង បាន​​ឆ្លងមេរោគលើស្បែក​ រាគ​រូស គ្រុនចាញ់ គ្រុនពោះវៀន និងគ្រុងឈាមជាដើម។ កង្វះចំណីអាហារ កត្តាអនាម័យសុខភាព កំពុងតែ​បង្កការលំបាកទៅលើប្រជាជនប៉ាគីស្ថានដែលមានជីវភាពក្រី​ក្រខ្លាំងស្រាប់ទៅហើយ។

ប្រជាជនប៉ាគីស្ថានរាប់រយពាន់នាក់ ​ភៀសចេញពីផ្ទះទៅរស់នៅ​ជំរំបណ្តោះអាសន្នរបស់​រដ្ឋាភិបាល​។ មានមនុស្ស១​៧០០នាក់​ រួមទាំងកុមារជាង ៦០០ នាក់បានបាត់បង់ជីវិត និងមនុស្ស៣៣លាននាក់​ កំពុងរងផលប៉ះពាល់ដោយផ្ទាល់។

អង្គការសុខភាពពិភពលោក (WHO) ដាក់ការ​​ព្រួយបារម្ភអំពី គ្រោះមហន្តរាយលើក​ទីពីរ​ ដែលនឹងកើតឡើងពីជំងឺឆ្លងតាមទឹក ដែលរីករាលដាលពាសពេញប្រទេស ជាពិសេសនៅក្នុងខេត្ត​ Sindh ។

នៅក្នុងរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិផ្នែកមនុស្សធម៌ ​​(OCHA) ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ ​ឱ្យដឹងថា ប្រជាជនប៉ាគីស្ថានជាង ​៨លាននាក់ ក្នុងស្រុក​ចំនួន​២៨ ត្រូវបានប៉ាន់ប្រមាណថាកំពុង​ស្ថិតនៅក្នុងវិបត្តិ​ និងត្រូវការការសង្គ្រោះ​ផ្នែក​សន្តិសុខស្បៀង​បន្ទាន់នៅរវាង​ខែកញ្ញា​-វិច្ឆិកា ឆ្នាំ​២០២២នេះ​។ របាយការណ៍នេះ ក៏បានដាក់ក្តីបារម្ភជាខ្លាំងចំពោះជំងឺឆ្លងក្រោយទឹកជំនន់​ នៅក្នុង​ខេត្ត Sindh និង Balochistan ដែលជាតំបន់​រងគ្រោះខ្លាំងជាងគេ​៕

ដោយ៖ បណ្តូល ពេជ្រ

ads banner