ឯកឧត្តម ជា វ៉ាន់ដេត៖ វិស័យប្រៃសណីយ៍ បានចូលរួមចំណែកដល់ការទ្រទ្រង់កំណើន សេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតប្រជាជននៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថាមានសក្តានុពលក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើន សេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅកម្ពុជាដោយបានផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃ ទាំងនៅទីក្រុង និងជនបទ។
គួរបញ្ជាក់ថាការថ្លែងពីសំណាក់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
នេះធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ ក្នុងពេលអញ្ជើញជាអធិបតីក្នុងវេទិកាប្រៃសណីយ៍លើកទី១ និងពិព័រណ៍សេវាប្រៃសណីយ៍ និងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា វេទិកានាថ្ងៃនេះ ជាឱកាសដែលភាគីពាក់ព័ន្ធបានយល់ច្បាស់ពីខ្លឹមសារនៃគោលនយោបាយ និងផ្លាស់ប្តូរគំនិតយោបល់ជំរុញកិច្ចសហការអនុវត្ត ឱ្យបានពេញទំហឹង សំដៅដោះស្រាយបញ្ហាប្រឈមនានា អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ពិសេសធ្វើបរិវត្តកម្មឌីជីថលលើប្រព័ន្ធអេកូឡូហ្ស៊ីប្រៃសណីយ៍ក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការអនុវត្តគោលនយោបាយបាន ជោគជ័យ គឺពិតជានឹងជួយឱ្យសម្រេចបាននូវការលើកកម្ពស់ការផ្តល់សេវាប្រៃសណីយ៍ប្រកបដោយនិរន្តរភាព មានគុណភាព និងមានវិសាលភាពគ្របដណ្តប់ទូលំទូលាយក្នុងប្រព័ន្ធជាតិដែលមានភាពប្រទាក់ក្រឡាគ្នា ដើម្បីរួមចំណែកបម្រើ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនព្រមទាំងធ្វើឱ្យវិស័យប្រៃសណីយ៍សម្រេចបាននូវសក្តានុពលពេញលេញជាវិស័យរួមចំណែកគាំទ្រពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ថាក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក្បួនដង្ហែយានយន្តរបស់ប្រតិបត្តិករប្រៃសណីយ៍ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី និយោជក និងនិយោជិត នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រៃសណីយ៍កម្ពុជា ក្រុមហ៊ុនបម្រើសេវាបញ្ញើឆាប់រហ័ស ក្រុមហ៊ុនដឹកបញ្ញើគោលដៅចុងក្រោយ ដើម្បីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកផងដែរ៕ដោយ៖ម៉ាដេប៉ូ