ពលរដ្ឋឥណ្ឌាចំនួន៨០នាក់ ត្រូវបានជួយសង្រ្គោះចេញពីកន្លែងធ្វើការងារក្លែងក្លាយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ពលរដ្ឋឥណ្ឌាចំនួន៨០នាក់ ត្រូវបានជួយសង្រ្គោះចេញពីកន្លែងការងារក្លែងក្លាយ។ នេះបើតាមការអះអាងរបស់លោក Arindam Bagchi អ្នកនាំពាក្យក្រសួងកិច្ចការបរទេសឥណ្ឌា កាលពីថ្ងៃសុក្រ ទី៧ តុលា តាមរយៈសារព័ត៌មានឥណ្ឌា The Afternoon Voice ដោយបានព្រមានបន្ថែមដល់ប្រជាពលរដ្ឋឥណ្ឌាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការងារមួយចំនួនដែលមានលក្ខណៈសង្ស័យ។

លោក Arindam Bagchi បញ្ជាក់ថា៖ «យើង បាន ចេញ សេចក្តី ណែនាំ ក្នុង រឿង នេះ។ ស្ថានទូត យើង នៅ ភ្នំពេញ បាន ចេញ សេចក្តី ណែនាំ។ ខ្ញុំ សូម បញ្ជាក់ ម្តង ទៀត ដល់ អ្នក រាល់ គ្នា ឱ្យ មានការប្រុង ប្រយ័ត្ន ឱ្យ បាន ខ្ពស់ នូវ ប្រភេទ ការងារ គួរ ឱ្យ សង្ស័យ ដែល អ្នក ទទួល យក ព្រោះ ពេល ដែល អ្នក ជាប់ គាំង នៅ ទីនោះ វា ពិបាក ណាស់ ក្នុង ការ នាំ អ្នក មក វិញ ដោយ សុវត្ថិភាព»។

បើទោះបីជាមានប្រជាពលរដ្ឋឥណ្ឌា ចំនួន៨០នាក់ត្រូវបានជួយសង្រ្គោះចេញពីការងារខុសច្បាប់ក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងកិច្ចការបរទេសឥណ្ឌាបានអះអាងថា នៅមានប្រជាពលរដ្ឋឥណ្ឌាមួយចំនួនក៏នៅសេសសល់។

ជាការកត់សម្គាល់ នៅអំឡុងពេលដែលកម្ពុជាកំពុងបើកយុទ្ធនាការបង្រ្កាបបទល្មើសជួញដូរមនុស្ស ការឆបោក ការចូលមកធ្វើការងារដោយខុសច្បាប់ជាដើមនោះ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញក៏បានទាញសញ្ញាអាសន្ន ក្រើនរំលឹកពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន ចំពោះការមកប្រកបការងារនៅកម្ពុជា។

នៅក្នុងសេចក្តីក្រើនរំលឹក កាលពីថ្ងៃទី១៩កញ្ញា ស្ថានទូតឥណ្ឌា បញ្ជាក់ថា៖ «ពលរដ្ឋឥណ្ឌាដែលមានបំណងចូលមកកម្ពុជា ក្នុងគោលបំណងរកការងារ និងធ្វើជំនួញ ត្រូវមានការប្រុងប្រយ័ត្នក្នុងការស្វែងរកព័ត៌មាន និងជីវប្រវត្តិរបស់ក្រុមហ៊ុន ស្ថាប័ន និងអង្គការក្នុងប្រទេសកម្ពុជា មុននឹងសម្រេចចិត្តមកកម្ពុជា»។

ការក្រើនរំលឹកនេះ គឺបន្ទាប់ពីស្ថានទូតឥណ្ឌា បានកត់សម្គាល់អំពី ករណីពលរដ្ឋឥណ្ឌាជាបន្តបន្ទាប់ បានធ្លាក់ក្នុងអន្ទាក់នៃបទល្មើសជួញដូរមនុស្ស ដែលបោកបញ្ឆោតថា ការចូលមកកម្ពុជាដើម្បីទទួលបានការងារល្អប្រសើរ។

ផ្ទុយមកវិញ ជនរងគ្រោះនឹងត្រូវធ្លាក់ខ្លួនជាចំណាប់ខ្មាំងរបស់ក្រុមឧក្រិដ្ឋជន នៃបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិតឬនឹងអាចត្រូវបានបង្ខំឲ្យធ្វើការក្នុងស្ថានភាពលំបាក ក្រោមរូបភាពនៃការធ្វើទារុណកម្មរាងកាយជាដើម៕ ដោយ៖ សេក ប្រាក់

ads banner