អ្នកជំនាញមើលឃើញពីសក្តានុពលវិស័យកសិកម្មនៅកម្ពុជា ហើយ រំពឹងថារដ្ឋាភិបាលនឹងពង្រឹងកិច្ចអន្តរាគម៍ក្នុងវិស័យនេះបន្ថែមទៀត
ភ្នំពេញ៖អ្នកជំនាញកសិកម្មមើលឃើញសក្តានុពលភាពនៃវិស័យ កសិកម្មនៅកម្ពុជា ដែលវិស័យនេះធ្លាប់ជាវិស័យអាទិភាពទី មួយ សម្រាប់សេដ្ឋកិច្ចជាតិ ហើយកម្ពុជាថែមទាំងមានទឹកដីនិង ភូមិសាស្ត្រ អំណោយផលដល់វិស័យនេះ បូករួមកម្លាំងពលកម្ម កសិកម្ម ជាច្រើន។ មិនតែប៉ុណ្ណោះ ទីផ្សារផ្គត់ផ្គង់ក្នុងស្រុកនិងក្រៅ ស្រុកក្នុងវិស័យផលិតស្បៀងនេះមានភាពទូលំទូលាយ ប៉ុន្តែ កម្ពុជាមិនទាន់មានការរៀបចំផែនការនយោបាយត្រឹមត្រូវ ខ្វះ ជំនួយដល់កសិករ កម្សោយប្រព័ន្ធធារាសាស្ត្រ និងភាពខ្វះចន្លោះ នៃទីផ្សារសម្រាប់កសិករ ដែលត្រូវការជំនួយជាចាំបាច់ពីរដ្ឋាភិបាល។
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាននិងជាអ្នកជំនាញខាងកសិកម្ម បានមើល ឃើញពីសក្តានុភាពនៃទឹកដីរបស់កម្ពុជាដែលទទួលឥទ្ធិពលខ្យល់មូសុងនេះ មានភាពអំណោយផលណាស់ដល់ការធ្វើកសិកម្ម ជាមួយ នឹងអំណោយផលមួយបែបទៀត នោះគឺកម្លាំងពលកម្មកសិកម្ម ដែលលោកថា កម្ពុជាមានកសិកររាប់លាននាក់សម្រាប់បម្រើ ដល់ វិស័យនេះ ជាពិសេសតម្រូវការទីផ្សារក៏មានភាពទូលំទូលាយ ខ្លាំង ណាស់ដែរទាំងក្នុងស្រុក និងក្រៅស្រុក។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការ អភិវឌ្ឍសង្គមបញ្ជាក់ថា វិស័យកសិកម្មធ្លាប់ជាវិស័យអាទិភាព មួយសម្រាប់ចំណូលជាតិ ហើយមកដល់បច្ចុប្បន្ន វិស័យនេះនៅ តែជាវិស័យចម្បងមួយបន្ទាប់ពីវិស័យឧស្សាហកម្ម។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)បន្ថែមថា កម្ពុជាមានសក្តានុពលខ្លាំងសម្រាប់វិស័យកសិកម្ម ជាពិសេសដំណាំស្រូវ ការចិញ្ចឹមសត្វ ដែលជាប្រភពស្បៀងដ៏មាន សារៈសំខាន់សម្រាប់បម្រើដល់លើការរស់នៅរបស់ជន្មានុជនគ្រប់រូបដែលលោកថា វាបានចូលចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ច្រើន ណាស់ ព្រោះ គ្មាននរណាម្នាក់ដែលរស់នៅដោយគ្មានស្បៀងអាហារ នោះឡើយ។
មកដល់បច្ចុប្បន្ននេះ លោកថេង សាវឿន ថា វិស័យកសិកម្មបាន និងកំពុងជួបប្រទះបញ្ហាជាច្រើន ដែលលោកបានសង្កត់លើបញ្ហា៤ យ៉ាងសំខាន់ៗ រួមមាន ទី១ .បញ្ហាទឹក ឬប្រព័ន្ធធារាសាស្ត្រសម្រាប់ ការធ្វើកសិកម្ម ,ទី២. ការកែច្នៃ វេចខ្ចប់ ផលិតផលកសិកម្ម ,ទី៣. បញ្ហា ទីផ្សារកសិផលដែលត្រូវរៀបចំ និងទី៤. គឺ កង្វះទុនសម្រាប់ កសិករ ឬសហគ្រាសខ្នាតតូច ដែលទាមទារការផ្តល់កម្ចីដែលមាន ការប្រាក់ទាបពីរដ្ឋាភិបាល។
មិនសូវខុសពីលោកថេង សាវឿន ប៉ុន្មានឡើយ លោកបណ្ឌិតមាស នី បានឃើញពីបញ្ហាស្រដៀងគ្នានេះ ប៉ុន្តែលោកថា បញ្ហាធំបំផុត សម្រាប់វិស័យកសិកម្មកម្ពុជាចំពោះមុខឱ្យកសិករនោះ គឺតម្លៃ កសិផលទាប ព្រមជាមួយកំសោយប្រព័ន្ធទីផ្សារកសិកម្ម ដែល លោកថា បញ្ហានេះគួរមានការចូលរួមចំណែកពីភាគីពាក់ព័ន្ធ មិន ត្រឹមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឡើយ តែក្រសួង ពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រនិងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផង ដើម្បីឱ្យការងារនេះប្រព្រឹត្ត ទៅដោយរលូន។
លោកបណ្ឌិត មាស នី៖ «នៅពេលមានបញ្ហាទីផ្សារកសិកម្ម គេច្រើនបន្ទោសរដ្ឋមន្ត្រីក្រសួងកសិកម្ម ប៉ុន្តែយើងភ្លេច នឹក ដល់ក្រសួងពាណិជ្ជកម្មដែលមានតួនាទីរកទីផ្សារកសិកម្ម និងក្រសួងឧស្សាហកម្មដែលមានតួនាទីគិតគូរពីកែច្នៃផលិតផលកសិកម្ម»។
ស្របនឹងបញ្ហានេះ លោកយ៉ង សាំងកុមារ លើកឡើងថា នៅកម្ពុជា កសិករភាគច្រើនធ្វើកសិកម្មជាលក្ខណៈគ្រួសារដែលទាមទារនូវកិច្ចអន្តរាគមន៍ ការចុះជួបប្រជាពលរដ្ឋតាមមូលដ្ឋានច្រើនដែលលោកថា បច្ចុប្បន្នកិច្ចអន្តរាគមន៍មន្ត្រីជំនាញ ក្រសួងពាក់ព័ន្ធសហការនឹង ប្រជាកសិករនេះ នៅមានកម្រិតនៅឡើយ ដែលរដ្ឋាភិបាលហាក់ ដើរតាមគន្លងទីផ្សារសេរីខ្លាំងពេក ដោយទុកឱ្យកសិករខិតខំ ដោយ ខ្លួនឯងក្នុងការប្រកួតប្រជែង។
គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបាន សម្រេច រុះ រើតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម ដែល កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២កន្លងទៅព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នៅថ្ងៃដដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេច ចាត់តាំងឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួង កសិកម្ម បន្ថែមលើមុខងារបច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការ នូវរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី។