សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខ និងចាត់មន្ត្រីនាំយកបច្ច័យ-សម្ភារចូលបុណ្យ ជូនដល់គ្រួសារកុមាររងគ្រោះ (លិចទូកដរទទឹង) នៅស្រុកលើកដែក ខេត្តកណ្តាល
ខេត្តកណ្តាល ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃសុក្រ ទី ១៤ ខែតុលា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា ព្រមទាំងសហការី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពកុមាររងគ្រោះក្នុងឧប្បទ្ទវហេតុ (លិចទូកដរទទឹង) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ សពកុមាររងគ្រោះទាំង ១០នាក់ ដែលបានរកឃេីញ បានធ្វេីបុណ្យ និងបូជានៅក្នុងវត្តកំពង់ភ្នំក្នុង ស្ថិតក្នុងស្រុកលេីកដែក ខេត្តកណ្តាល ។ ដោយឡែក សពកុមារ ម្នាក់ទៀត ដែលបាត់ខ្លួនចុងក្រោយ កំពុងបន្តរុករកដោយកម្លាំងចម្រុះនៅឡេីយ។
ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញេីចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែងបំផុត ប្រកបដោយសេចកី្តសង្វេគអាណិតអាសូរជាពន់ពេក ជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ដែលបានបាត់បង់កូនៗ ក្មួយៗ និងចៅៗជាទីស្រឡាញ់នៅក្នុងហេតុការណ៍ដ៏សោកសៅនេះ និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យសម្រាប់ចូលបុណ្យសពទាំង១១ (រួមទាំងសព ១ ដែលកំពុងស្វែងរក) ដោយក្នុង គ្រួសារនីមួយៗរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង , ទឹកក្រូច ៥កេស និងថវិកា ៥លានរៀល ។
បន្ទាប់ពីបានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពខាងលេី រួចមក លោកជំទាវ អគ្គលេខាធិការ និងក្រុមការងារ បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកផ្លែឈេីជូនដល់កងកម្លាំងចម្រុះទាំងអស់ដែលកំពុងបំពេញប្រតិបត្តិការស្វែងរកកុមារដែលបាត់ខ្លួនចុងក្រោយ និងសូមជូនពរកងកម្លាំងទាំងអស់មានសុវត្ថិភាព ហេីយរកឃេីញកុមារនោះក្នុងពេលឆាប់ៗនេះ៕ ដោយ / គ្រី សម្បត្តិ + កាកបាទក្រហមកម្ពុជា




