កិច្ចប្រជុំជីវភាពគណបក្សនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ ថ្លែងថា «សាមគ្គីភាព និងការសហការល្អរវាងក្រុមការងារគណបក្ស និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុគ្រប់ជាន់ថ្នាក់ ក្នុងការបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវស្របតាមគោលនយោបាយ និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាសំខាន់ក្នុងការទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងជាកត្តាចម្បងនៃជម្នះរបស់គណបក្សប្រជាជនកម្ពុជា»។

ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងបែបនេះក្នុងអំឡុងកិច្ចប្រជុំជីវភាពគណបក្សនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ។

អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការខេត្តព្រះសីហនុ និងសមាជិក សមាជិកាក្រុមការងារគណបក្ស ចំណុះគណៈកម្មាធិការគណបក្សខេត្ត ស្រុក ក្រុង សរុបជាង ៥០០នាក់។

ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់បន្តប្រពៃណីដ៏ល្អនេះ និងរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានលើកឡើងថា៖ ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជាទទួលបាននៅរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែគឺជាជោគជ័យរបស់ប្រជាជនកម្ពុជាទាំងមូល។ ឯកឧត្តមបានថ្លែងកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាដើម្បីបុព្វហេតុប្រជាជន។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ជួយមូលដ្ឋានដើម្បីអនុវត្តគោលនយោបាយគណបក្សឱ្យជោគជ័យ ដើម្បីជួយកសាងនិងពង្រឹងគណបក្ស ជួយដោះស្រាយបញ្ហានានាទាក់ទងនឹងការបោះឆ្នោត និងការអនុវត្តគោលនយោបាយឃុំសង្កាត់មានសុវត្ថិភាពឱ្យបានជោគជ័យ បម្រើសេវាប្រជាពលរដ្ឋឱ្យបានល្អ និងឆ្លើយតបតាមតម្រូវការ។

នៅក្នុងកិច្ចប្រជុំជីវភាពគណបក្សនេះផងដែរ ក៏មានការដាក់ឆ្លងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ផងដែរ។ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការរៀបចំផែនការការងារច្បាស់លាស់នឹងធ្វើឱ្យយើងមានភាពប្រាកដប្រជាខ្ពស់ ក្នុងការអនុវត្តការងារ និងមានភាពជឿជាក់លើជ័យជម្នះនាពេលខាងមុខ។

ឯកឧត្តមបានលើកឡើងពីសមិទ្ធផលសំខាន់ៗជាច្រើនដែលខេត្តព្រះសីហនុសម្រេចបានជូនប្រជាពលរដ្ឋ ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ព្រមទាំងកសាងខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានការរៀបចំនូវផែនការមេប្រើប្រាស់ដីធ្លី និងផែនការអភិវឌ្ឍតំបន់សេដ្ឋពិសេសគំរូពហុបំណងខេត្តព្រះសីហនុ។

ឯកឧត្តមក៏បានលើកឡើងពីសក្តានុពលជាច្រើនទៀតដែលខេត្តព្រះសីហនុមានក្នុងនោះមានកំពង់ផែ កោះដែលមានសក្តានុពលទេសចរណ៍ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ រោងចក្រផលិតអគ្គិសនី ហើយខេត្តព្រះសីហនុ គឺជាទិសដៅទេសចរណ៍មួយដ៏មានសក្តានុពលបំផុត។

ដោយឡែកនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ដដែល ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ក៏បានជួបប្រជុំជាមួយក្រុមការងារយុវជន បក្ស ក្រុមចលនាស្ត្រី ជនបង្គោលឃុំសង្កាត់ ប្រធានកម្មករនយោជិត ប្រធានយុវជនក្រុងស្រុក ដើម្បីផ្សព្វផ្សាយពីសមិទ្ធផលដែលសម្រេចបាន និងការចូលរួមផ្សព្វផ្សាយពីសមិទ្ធផលទាំងនោះឱ្យបានទូលំទូលាយ។

ឯកឧត្តមបានថ្លែងថា យើងទាំងអស់គ្នាមិនមែនត្រឹមតែជាសមាជិកបក្សក្នុងរចនាសម្ព័ន្ធប៉ុណ្ណោះទេ តែក៏ជាឃោសនិកដ៏សកម្មរបស់គណបក្សផងដែរ ៕ ខៀវ សាវ៉ុន

ads banner