សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភផ្លែឈើ និងភេសជ្ជៈ ដល់កងកម្លាំងបន្ទាប់ពីបានបិទបញ្ចប់ប្រតិបត្តិការស្វែងរកជនរងគ្រោះ (លិចទូកដរទទឹង) នៅស្រុកលើកដែក ខេត្តកណ្តាល
កណ្តាល ៖ ដោយមានការគិតគូរដល់កងកម្លាំងដែលបានធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការស្វែងរកជនរងគ្រោះដោយលិចទូកដរទទឹងអស់រយៈពេល ២យប់ ៣ថ្ងៃនោះ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បន្តបេសកកម្មចុះសួរសុខទុក្ខ និងនាំយកផ្លែឈើចំនួន ៥០កេស និងភេសជ្ជៈ ៥០កេស ឧបត្ថម្ភដល់កងកម្លាំងទាំង ៥ក្រុម ដែលបានបិទបញ្ចប់ប្រតិបត្តិការស្វែងរកកុមាររងគ្រោះដោយលិចទូកដរទទឹង ភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការស្វែងរកជនរងគ្រោះទាំងអស់រហូតសម្រេចជោគជ័យត្រឹមសពកុមារារងគ្រោះម្នាក់ចុងក្រោយគេឈ្មោះ មាស សុវណ្ណរាជ អាយុ ១៤ឆ្នាំនាព្រឹកនេះ ក្នុងរយៈពេល ២យប់ ៣ថ្ងៃ។
សូមបញ្ជាក់ថា ក្នុងឱកាសបិទបញ្ចប់ប្រតិបត្តិការស្វែងរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១៥នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានពាំនាំនូវថ្លែងអំណរគុណពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ចំពោះក្រុមប្រតិបត្តិការ ទាំងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរ ក៏ដូចជាអរព្រះគុណចំពោះព្រះសង្ឃ ដែលបានរួមគ្នាយកចិត្តទុកដាក់ ក្នុងការងារជួយសង្គ្រោះជនរងគ្រោះ និងស្វែងរកសពក្មេងៗរងគ្រោះនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់បេសកកម្មនេះហើយ ខាងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នឹងធ្វើអធិការកិច្ចស៊ើបអង្កេតទៅលើករណីលិចទូកនេះតទៅទៀត ក្រោយធ្វើកោសលវិច្ច័យចប់លើសពទាំង១១នាក់នោះ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ / គ្រី សម្បត្តិ