ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំព្រះរាជពិធីបុណ្យខួបទី១០០ នៃទិវាប្រសូត និងពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ
តូក្យូ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្រោមអធិបតីភាពឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅព្រឹកថ្ងៃទី១៦ខែតុលា ឆ្នាំ២០២២ បានរៀបចំព្រះរាជពិធីបុណ្យខួបទី១០០ នៃទិវាប្រសូត និងពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ នៃការសោយទីវង្គតរបស់ព្រះបរមរតនកោដ្ឋ ដោយបាននិមន្តព្រះសង្ឃសូត្រមន្តបង្សុកូលឧទ្ទិសមហាព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ជាមួយនឹងការវេរចង្ហាន់ ប្រគេនទេយ្យទាន ទេយ្យវត្ថុដល់ព្រះសង្ឃ និងមានពិធីអុជធូបថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រមទាំងមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន និងនិស្សិតយោធាជាច្រើនរូបផងដែរ។
ព្រះរាជពិធីបុណ្យនាឱកាសនេះដែរធ្វើឡើងដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់ដែលពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន របស់ប្រជារាស្ត្ររបស់ ព្រះបរមរតនកោដ្ឋ និងរំលឹកនូវគុណូបការៈគុណ របស់ព្រះអង្គ ដែលបានបន្សល់ទុកនូវស្នាព្រះហស្ថនៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ជាពិសេសនោះ គឺជោគជ័យរបស់ប្រទេសកម្ពុជាយើង ក្នុងការដណ្តើមយកឯករាជ្យជាតិពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ និងការទាមទារនូវប្រាសាទព្រះវិហារខ្មែរមកវិញ នាឆ្នាំ១៩៦២ ការបង្រួបបង្រួមផ្សះផ្សាជាតិ និងសមទ្ធិផលធំៗជាច្រើនទៀត។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ទុយ រី មានប្រសាសន៍ថា ក្នុងនាមជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ សូមសម្តែងនូវកាសោកស្តាយ អាឡោះអាល័យ នឹកឃើញ និងចងចាំជាប់ជានិច្ចនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម ចំពោះស្នាព្រះហស្ថរបស់ព្រះករុណា ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុកនូវសមទ្ធិផលជាច្រើន សម្រាប់ជាតិមាតុភូមិ សម្រាប់កូនចៅ ប្រជារាស្រ្តកម្ពុជាទូទាំងប្រទេស ៕ ដោយ / គ្រី សម្បត្តិ