ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈដល់អតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ជាទីប្រឹក្សារាជរដ្ឋាភិបាល

ភ្នំពេញ៖អតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាលដែលមានឋានៈស្មើរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាលចំនួន ៩រូប មានដូចជាៈ
១. ឯកឧត្តម ជីវ កត្តា មានឋានៈស្មើ រដ្ឋមន្តី
២. ឯកឧត្តម តាន់ ទីន មានឋានៈស្មើ រដ្ឋលេខាធិការ
៣. ឯកឧត្តម ខឺយ ស៊ីនឿន មានឋានៈស្មើ រដ្ឋលេខាធិការ
៤. ឯកឧត្តម កង គឹមហាក់ មានឋានៈស្មើ រដ្ឋលេខាធិការ
៥. ឯកឧត្តម កង ម៉ារ៉ាឌី មានឋានៈស្មើ រដ្ឋលេខាធិការ
៦. ឯកឧត្តម សុខ សុធា មានឋានៈស្មើ អនុរដ្ឋលេខាធិការ
៧. ឯកឧត្តម សុខ វិបុល មានឋានៈស្មើ អនុរដ្ឋលេខាធិការ
៨. ឯកឧត្តម អាន តារ៉ា មានឋានៈស្មើ អនុរដ្ឋលេខាធិការ
៩. ឯកឧត្តម គីន គុណ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ។

សូមរំលឹកថា ប្រធាន អនុប្រធាន រួមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សរុប ៩រូបរបស់គណបក្ស ខ្មែស្រឡាញ់ជាតិ បានប្រកាសរំលាយគណបក្សរបស់ខ្លួន ចាប់ពីនៅថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២២ ។

យោងតាមសេចក្តីថ្លែងការណ៍គណបក្សខ្មែស្រឡាញ់ជាតិកាលពីថ្ងៃទី២៩ ខែកក្កដាបានបញ្ជាក់ថា មូលហេតុ នៃការរំលាយគណបក្សខ្មែស្រឡាញ់ជាតិ គឺដោយសារខ្លួនមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍ និងអនាគតរុងរឿង ជាពិសេសកាលពីថ្ងៃ ២៨ ខែកក្កដា ឆ្នាំ ២០២២នេះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាគឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរផលប្រយោជន៍របស់ជាតិជាធំ។ ដូច្នេះពុំមានហេតុផលណាមួយដែលយើងខ្ញុំនៅបន្តប្រឆាំងនឹងការដឹកនាំរបស់ សម្ដេចតេជោ និងគណបក្សប្រជាជនតទៅទៀតទេ៕
ដោយ៖ពលជ័យ

លោកជីវ កត្តា អតីតប្រធានគណបក្សខ្មែរ ស្រឡាញ់ ជាតិ(រូបថតឯកសារ)
លោកខឺយ ស៊ីនឿន អតីត អនុប្រធាន គណបក្សខ្មែរ ស្រឡាញ់ជាតិ
លោកកង គឹមហាក់ អតីតអនុប្រធានគណបក្សខ្មែរស្រឡាញ់ ជាតិ(រូបថត)
ads banner