ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ដ្រីអាស៊ានស្តីពីសន្តិសុខបច្ចេកវិទ្យា និងកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្ដរជាតិសិង្ហបុរីលើកទី៧ (SICW) ឆ្នាំ២០២២
សិង្ហបុរី៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ដ្រីអាស៊ានស្តីពីសន្តិសុខបច្ចេកវិទ្យា និងកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្ដរជាតិសិង្ហបុរីលើកទី៧ (SICW) ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិសុខឌីជីថល និងការទទួលខុសត្រូវរួម” តបតាមការអញ្ជើញរបស់លោកជំទាវ Josephine Teo រដ្ឋមន្រ្តីទូរគមនាគមន៍ព័ត៌មាន និងជារដ្ឋមន្រ្តីទទួលបន្ទុកសន្តិសុខបច្ចកវិទ្យា ដែលរៀបចំដោយរដ្ឋាភិបាលសិង្ហបុរី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីនៃប្រទេសជាសមាជិកអាស៊ាន និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសហរដ្ឋអាមេរិកផងដែរកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូពហុភាគី និងកិច្ចសហការក្នុងទិដ្ឋភាពនៃការគម្រាមកំហែងជាសកលតាមប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល។
ជាមួយគ្នានោះដែរមន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកផង បានចូលរួមធ្វើបទបង្ហាញ និងពិភាក្សាគ្នាក្នុងកិច្ចប្រជុំតុមូល ដើម្បីចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ក្នុងពេលវេលាដែលមានការវិវត្តរីកចម្រើនយ៉ាងខ្លាំងនៅលើសកលោក និងការទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថលផងដែរ ៕ ដោយ-រ៉ាវុធ