ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាម បានថយចុះនៅភាគខាងកើតប្រទេសកម្ពុជា
ភ្នំពេញ៖តាមការសិក្សាមួយរបស់អង្គការWWFកម្ពុជាបានបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១០ដល់ឆ្នាំ២០២២ ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាម បានថយចុះនៅតំបន់ភាគខាងកើត ដោយសារការបរបាញ់ខុសច្បាប់ និងវិបត្តិអន្ទាក់។ក្នុងនោះគិតចាប់ពីចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០២២ មានសត្វទន្សោងថយចុះ៨៩ភាគរយ សត្វឈ្លូសថយចុះ ៦៥ភាគរយ និងសត្វជ្រូកព្រៃថយចុះ១៥ភាគរយ។
ការថយចុះសត្វព្រៃនៅក្នុងប្រទេសកម្ពុជានេះ ពីព្រោះថាសត្វព្រៃកំពុងរងការគំរាមកំហែងពីការបរបាញ់ខុសច្បាប់និងវិបត្តិអន្ទាក់ ដែលបណ្តាលមកពីតម្រូវការសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃខុសច្បាប់ ហើយបើសិនជាគ្មានវិធានការបន្ទាន់ទេនោះ កម្ពុជានឹងប្រឈមមុខនឹងការបាត់បង់សត្វព្រៃដែលមានតម្លៃជាសកលរបស់ខ្លួននៅថ្ងៃអនាគត។
ជុំវិញបញ្ហានេះឯកឧត្តម នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ថាការដាក់អន្ទាក់ចាប់សត្វព្រៃ ការបរបាញ់សត្វព្រៃនិងចាប់សត្វព្រៃដោយការប្រើប្រាស់ឆ្កែប្រមាញ់ដោយខុសច្បាប់ គឺជាកត្តាគំរាមកំហែងដែលកំពុងតែកើតឡើងមកលើសត្វព្រៃក្នុងតំបន់ការពារធម្មជាតិដែលចាំបាច់គ្រប់ភាគីទាំងអស់ត្រូវចូលរួមក្នុងការដោះស្រាយបញ្ហាអន្ទាក់នេះដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ ទាំងជម្រក ប្រភពទឹក និងកន្លែងរកចំណី។
ឯកឧត្តម នេត ភក្ត្រា បន្តថា៖ «ការធ្លាក់ចុះនេះដោយសារតែកត្តាគំរាមកំហែងចម្បងគឺអន្ទាក់ ការប្រើប្រាស់ កាំភ្លើងពិតនិងកាំភ្លើងកែច្នៃដើម្បីបាញ់សត្វព្រៃ និងការប្រើប្រាស់សត្វឆ្កែប្រមាញ់សត្វព្រៃដោយខុសច្បាប់ នៅតែកើតមាន។
ឯកឧត្តមបន្តថា ថ្វីត្បិតតែចំនួនសត្វក្រចកជើងចំពាមមានការប្រឈមមុខថយចុះ តែទន្ទឹមនឹងនេះប្រភេទសត្វព្រៃខ្លះប្រភេទពានររួមមានសត្វស្វាកន្ទុយស ស្វាព្រាម មានចំនួនថេរ និងមានការកើនឡើង ហើយប្រភេទសត្វស្លាបដូចជាសត្វត្មាតមានវត្តមានឡើងវិញក្នុងដែនជម្រកសត្វព្រៃស្រែពក»។
ក្រៅពីនេះទៀតឯកឧត្តមថា ការសិក្សាពីរបាយសត្វព្រៃមានសារៈសំខាន់ដើម្បីរៀបចំរបាយការណ៍ពីវត្តមានសត្វព្រៃក្នុងតំបន់អភិរក្ស និងផ្តល់ធាតុចូលបន្ថែមសម្រាប់ក្រសួងបរិស្ថាន និងអង្គការWWF ដែលបានផ្តល់ជំនួយបច្ចេកទេសក្នុងការអភិរក្សដែនជម្រកសត្វព្រៃស្រែពកនិងភ្នំព្រេចរៀបចំផែនការសកម្មភាពនិងវិធានការចាំបាច់អាទិភាពនានា ដើម្បីការពារថែរក្សាអភិរក្សសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃទាំងពីរនេះ ឲ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ខណៈសត្វព្រៃនៅតែទទួលរងនូវការគំរាមកំហែងពីអន្ទាក់គ្រប់ប្រភេទ។
ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឈប់ទិញ លក់ និងបរិភោគសត្វព្រៃ។ ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាចូលរួមជាមួយក្រសួង និងដៃគូដើម្បីលុបបំបាត់ បញ្ចប់វិបត្តិអន្ទាក់ ប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ ក៏ដូចជាការពារសត្វព្រៃ និងធនធានធម្មជាតិរបស់ព្រះទេសកម្ពុជា»។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២១ ក្នុងរយៈពេល១៨ខែចុងក្រោយនេះ ក្រុមអនុវត្តច្បាប់នៅក្នុងខេត្តមណ្ឌលគិរីបានរឹបអូសបានសាច់សត្វព្រៃសរុបចំនួន ១, ៣៥២គីឡូក្រាម ខណៈសាច់សត្វព្រៃទាំងនោះបានស្ថិតនៅក្នុងទីផ្សារការជួញដូរ។ ក្នុងនោះ ភាគច្រើនជាសាច់សត្វឈ្លូស ជ្រូកព្រៃ និងត្រកួត៕
ដោយ៖ជា សុខនី