លោក ហ្សេលេនស្គី ចោទរុស្ស៊ីថា កំពុងបង្កឱ្យមានរលកថ្មី នៃការធ្វើចំណាកស្រុករបស់ជនជាតិអ៊ុយក្រែនទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា រុស្ស៊ីកំពុងវាយប្រហាររោងចក្រថាមពលរបស់ប្រទេសអ៊ុយក្រែន ព្រោះពួកគេចង់បង្ខំប្រជាជនឲ្យចាកចេញពីផ្ទះសម្បែង ហើយឆ្ពោះទៅទិសខាងលិចនៃបណ្តាប្រទេសសហភាពអឺរ៉ុប។

លោក ហ្សេលេនស្គី នៅដើមសប្តាហ៍នេះថ្លែងថា កងកម្លាំងរុស្ស៊ីបានបំផ្លាញរួចហើយ ប្រហែលមួយភាគបីនៃរោងចក្រថាមពលរបស់ប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី និងទឹកប្រើប្រាស់ ខណៈរដូវរងាជិតចូលមកដល់។

ទន្ទឹមគ្នា អាជ្ញាធរអ៊ុយក្រែនបានបញ្ជាឱ្យមានការរឹតបន្តឹងថាមពលទូទាំងប្រទេសជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូទៅកាន់កិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបថា រុស្ស៊ីកំពុងបង្កឱ្យមានរលកថ្មី នៃការធ្វើចំណាកស្រុករបស់ជនជាតិអ៊ុយក្រែនទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប។

លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា ទង្វើភេរវកម្មរបស់រុស្ស៊ីប្រឆាំងនឹងរោងចក្រថាមពលរបស់យើង គឺមានបំណងបង្កើតបញ្ហាជាច្រើន ទាក់ទងនឹងអគ្គិសនី និងកំដៅតាមដែលអាចធ្វើទៅបាន សម្រាប់អ៊ុយក្រែនក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងានេះ ដូច្នេះហើយប្រជាជនអ៊ុយក្រែនកាន់តែច្រើននឹងធ្វើដំណើរទៅកាន់បណ្តាប្រទេសអឺរ៉ុប។

លោកថា ឆ្លើយតបនឹងបញ្ហានេះ ប្រទេសសម្ព័ន្ធមិត្តគួរតែផ្តល់ប្រព័ន្ធប្រឆាំងយន្តហោះចម្បាំងបន្ថែមទៀត និងដាក់ទណ្ឌកម្មបន្ថែមលើអ៊ីរ៉ង់ ដែលផលិតយន្តហោះដ្រូនមួយចំនួនដែលរុស្ស៊ីកំពុងប្រើវាយប្រហារអ៊ុយក្រែន។

បើតាមអង្គការសហប្រជាជាតិ ប្រជាជនអ៊ុយក្រែន ៧.៧លាននាក់ ប្រហែល ១៩ភាគរយនៃចំនួនប្រជាជនមុនផ្ទុះសង្គ្រាម ឥឡូវនេះកំពុងរស់នៅទូទាំងទ្វីបអឺរ៉ុប បន្ទាប់ពីបានភៀសខ្លួនដោយសារការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner