ជីឌីភីរបស់ប្រទេសចិនក្នុងត្រីមាសទី៣ ស្ទុះងើបឡើងវិញក្នុងល្បឿនលឿន

ចិន៖សេដ្ឋកិច្ចរបស់ប្រទេសចិនបានស្ទុះងើបឡើងវិញក្នុងល្បឿនលឿនជាងការរំពឹងទុកនៅក្នុងត្រីមាស​​​​ទី៣។នេះបើតាមទិន្នន័យផ្លូវការនៅថ្ងៃទី២៤ខែតុលា។​ប៉ុន្តែ​​ការ​ទប់​ស្កាត់​កូវីដ១៩ដ៏តឹងរ៉ឹងវិបត្តិ​អចលន​​​ទ្រព្យ​កាន់​តែ​ជ្រៅ ​និង​​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​ពិភពលោក ​កំពុងក្លាយជាក្តី​ប្រឈម​ចំពោះ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់​ទី​ក្រុង​​ប៉េកាំង​​ក្នុង​ការ​ជំរុញ​ការ​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ​។

ផលិតផលក្នុងស្រុកសរុប(ជីឌីភី,GDP) នៅក្នុងប្រទេសដែល​មាន​សេដ្ឋ​កិច្ច​ធំបំផុត​ទីពីរ​របស់​ពិភព​លោក​បាន​កើន​ឡើង​ ៣.៩ភាគរយនៅ​ក្នុង​ត្រីមាស​ទី៣ ពីខែកក្កដា ដល់ខែកញ្ញា ធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំ​មុន។ នេះបើតាមទិន្នន័យផ្លូវការ ដែលចេញផ្សាយនៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។​ ទិន្នន័យនេះ​គឺ​ខ្ពស់​ជាង​កា​​​រ​ព្យាករ​របស់សារព័ត៌មានរ៉យទ័រ(Reuters)ដែលថាកំណើនជីឌីភីរបស់​ចិន​កើន​ឡើង​តែ ៣.៤ភាគរយ​ប៉ុណ្ណោះ ​និង ០.៤ភាគរយពីត្រីមាសទីពីរ។

ដំបូងនៃឡើយទិន្នន័យនេះ គ្រោងនឹងចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា​ ប៉ុន្តែ​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ក្រោយ​សមាជបក្សកុម្មុយនិស្តចិន ដែល​បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍មុ​ន។ សមាជកបក្សដែល​លោក ស៊ី ជីនពីង(Xi Jinping)ទទួល​បាន​អាណត្តិដឹក​នាំលើកទី៣ជាប្រវត្តិសាស្ត្រ ហើយថែមទាំងប្រមូលអ្នក​ស្មោះ​ត្រង់​របស់​លោក​សម្រាប់​​​សមាសភាព​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ​បក្ស​កុម្មុយនិស្ត​ចិនផង​។

ទោះបីជាមានការស្ទុះងើបឡើងវិញក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចចិនក៏កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើនទាំង​​ក្នុង​ប្រទេស និង​ក្រៅប្រទេស។ បញ្ហាទាំងនោះរួមមាន ​យុទ្ធសាស្ត្រទប់ស្កាត់កូវីដ-១៩​របស់​ចិន​ និងវិបត្តិក្នុង​វិស័យ​អចលនទ្រព្យរបស់​ចិន ដែល​​បាន​ធ្វើ​ឱ្យស​ម្ពាធពីខាង​ក្រៅកា​ន់​តែមានទំងន់ថែមទៀត ជា​ពិសេស​ឥទ្ធិពល​ពី​វិបត្តិ​​អ៊ុយ​ក្រែន​និង​​​​ការ​​ថយ​ចុះនៃ​សេដ្ឋកិច្ចសកល​​ដោយ​សារ​ការ​ដំឡើង​អត្រាការ​ប្រាក់​ ដើម្បី​ទប់​ស្កាត់​អតិផរណា។

ការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានព្យាករណ៍ថា ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​ថយ​ចុះមកត្រឹម ៣.២ភាគរយនៅឆ្នាំ២០២២ ខណៈការព្យាករផ្លូវការរបស់ចិនគឺ ៥.៥ភាគរយ។ ជា​ការ​ថយ​ចុះ​នៃ​កំណើន​សេដ្ឋកិច្ចដ៏​អាក្រក់បំផុត​ក្នុង​រយៈពេលជិតកន្លះ​សតវត្ស។​

ឆ្លើយតបនឹងបញ្ហា អ្នករៀបចំគោលនយោបាយបានដាក់ចេញនូវវិធានការគាំទ្រសេដ្ឋកិច្ចជាង៥០ ចាប់តាំងពី​ចុង​ខែឧសភា ​ដែលជាយន្តស្វែងរកការជំរុញសេដ្ឋកិច្ច។

ទិន្នន័យដាច់ដោយឡែកមួយទៀតបានបង្ហាញថា សកម្មភាពក្នុងឧស្សាហកម្មចិន​នា​ខែ​កញ្ញាបាន​កើន​ឡើង​៦.៣ភាគរយធៀបនឹងឆ្នាំមុន ដែលលើសពីការរំពឹងទុក ៤.៥ភាគរយ។ ប៉ុន្តែកំណើននៃការ​លក់រាយ​នៅ​តែមានភាពទន់ខ្សោយ ពោលគឺបានកើនឡើងតែ ២.៥ភាគរយ ​​អាក្រក់​ជាង​ការរំពឹង​ទុក​ដែល​ថា​នឹង​កើន​ឡើង​ ៣.៣ភាគរយ៕

 ដោយ៖យ៉ាន អាន /CPA

ads banner