ក្រុមការងាររាជរដ្ឋាភិបាល បន្តនាំយកស្បៀងអាហាររបស់សម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅស្រុកបាកាន សរុបជាង ៨០០គ្រួសារហើយ

ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី២៣ខែតុលាឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានបន្តនាំយកអំណោយជាស្បៀងអាហារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនិងទឹកទន្លេ នៅឃុំបឹងបត់កណ្ដោល ឃុំអូរតាប៉ោង ឃុំរំលេច ឃុំមេទឹក និងឃុំស្វាយដូនកែវ ស្រុកបាកាន សរុបជាង ៨០០គ្រួសារហើយ។

ក្រោយពីស្ដាប់របាយការណ៍របស់អាជ្ញាធរមូលដ្ឋាននិងក្រុមការងារតាមឃុំនីមួយៗរួចមក ឯកឧត្តម ស៊ុយ សែម បានថ្លែងអំណរគុណដល់ក្រុមការងារនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ជាមួយនិងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ អាជ្ញាធរមូលដ្ឋានបានខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីហានិភ័យនៃទឹកជំនន់ និងបានដាក់កម្លាំងប្រចាំការនៅកន្លែងណាដែលមានទឹកហូរដាច់ផ្លូវ ទឹកហូរខ្លាំង គឺមានកម្លាំងឈរប្រចាំការជួយសម្រួលចរាចរណ៍ឱ្យមានសុវត្ថិភាព។ ក្រុមការងារភូមិ/ឃុំក៏បានធ្វើរបាយការណ៍ ពីបញ្ហាដែលបងប្អូនប្រជាពលរដ្ឋជួបប្រទះ ក្នុងអំឡុងពេលទឹកជំនន់នេះ ដើម្បីស្នើសុំស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងគ្រួសារដែលមានជីវភាពខ្វះខាតឲ្យចំគោលដៅនិងទាន់ពេលវេលា។

ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់និងគិតគូរខ្លាំងណាស់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ពេលប្រជាពលរដ្ឋមានទុក្ខលំបាកគឺមានវត្តមានសម្ដេចឬក្រុមការងាររបស់សម្ដេចគ្រប់ពេលវេលា មិនដែលទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដែលយើងដឹងហើយមិនបានដោះស្រាយនោះទេ។ ជាក់ស្ដែងដូចជាគ្រោះមហន្តរាយទឹកជំនន់នេះជាដើម គ្រាន់តែទទួលបានព័ត៌មានភ្លាម សម្ដេចបានចាត់ចែងកម្លាំងចុះពិនិត្យនិងផ្ដល់ស្បៀងបម្រុងទៅតាមខេត្តនីមួយៗ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះជាបន្ទាន់។ សម្រាប់ប្រជាពលរដ្ឋដែលមិនរងគ្រោះទឹកជំនន់តែមានជីវភាពខ្វះខាតខ្លាំង ក្រុមការងារ មេភូមិ នឹងចុះស្រង់ស្ថិតិតាមខ្នងផ្ទះ ដើម្បីនាំយកស្បៀងទៅផ្ដល់ជូន។ ឯកឧត្តមរដ្ឋមន្ត្រីសូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការពារជំងឺកូវីដ១៩ និងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ចុះឈ្មោះ នៅតាមឃុំសង្កាត់ដែលខ្លួនរស់នៅ ចាប់ពីថ្ងៃទី២០ខែតុលាឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៨ខែធ្នូឆ្នាំ២០២២ ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០២៣ខាងមុខនេះ។

ស្បៀងបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន ដែលចែកជូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់នាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គ.ក្រ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ០១យួរ និងទឹកបរិសុទ្ធ០១កេស៕ ចេង ពុំ

ads banner