អគារសិក្សា១ខ្នង ០៥បន្ទប់ និងសមិទ្ធផលនានានៅសាលាបឋមសិក្សាបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមជំនួយអង្គការសម្រេចសុបិនកុមារកម្ពុជា
បន្ទាយមានជ័យ៖ អគារសិក្សា ១ខ្នង ០៥បន្ទប់ និងសមិទ្ធផលនានានៅសាលាបឋមសិក្សាបន្ទាយមានឬទ្ធិឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាអំណោយអង្គការសម្រេចសុបិនកុមារកម្ពុជា (Cambodian Children’s Dream ) ត្រូវបានសម្ពោធដាក់អោយដំណើរការជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៥ខែតុលាឆ្នាំ២០២២ ។
លោកសហស្ថាបនិកអង្គការ និងលោកម្ចាស់ជំនួយនៃអង្គការនេះបានអះអាងថា អង្គការសម្រេចសុបិនកុមារកម្ពុជា បន្តធ្វើជាដៃគូអភិវឌ្ឍន៍រឹងមាំលើវិស័យអប់រំនៅកម្ពុជា ក្នុងនោះមាននៅខេត្តភាគពាយ័ព្យនិងឧត្តរ ។
លោក អែម សុខា អភិបាលស្រុកថ្មពួកឱ្យដឹងថា អគារសិក្សា១ខ្នងស្មើ៥បន្ទប់ បង្គន់អនាម័យ១ខ្នងស្មើ៨បន្ទប់ ជាអំណោយថ្មីរបស់អង្គការសម្រេចសុបិន្តកុមារដែលផ្តល់ដល់សាលាបឋមសិក្សាបន្ទាយមានរឹទ្ធនាភូមិបន្ទាយមានរឹទ្ធិឃុំគោករមៀតស្រុកថ្មពួកនេះ ចំណាយថវិកាអស់៥៣.៧៦០ដុល្លាសរអា ។ វាជាអគារសិក្សាទី២ ដែលអង្គការដែលបានជួយដល់ទីនេះ ។
ហេតុនេះ សាលារៀននេះ មានអគារសិក្សាដល់៤ខ្នងហើយ ក្នុងនោះអគារអគារសិក្សា១ខ្នង អំណោយសម្តេចតេជោបានចាស់ទ្រុឌទ្រោម និងអគារសិក្សា១ខ្នងទៀតកសាងដោយក្រសួងអប់រំ យុវជននិងកីឡា ។
តំណាងសិស្សានុសិស្សដែលជាអ្នកទទួលផលបានឡើងថ្លែងអំណរគុណនិងប្តេជ្ញាថានឹងទទួលប្រើប្រាសតូកៅអី សង្ហារឹម អគារសិក្សានិងបង្គន់អនាម័យទាំងនេះអោយបានល្អ ។ហើយខិតខំពេញទំហឹងលើការរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូអ្នកគ្រូនិងធ្វើអនាម័យដើម្បីសុខភាព ។
លោក ម៉ាក ថូម៉ាសជេននី (Marc Thomss Jenni)សហស្ថាបនិកអង្គការ និងលោករ៉ូឡែន ប្រែនលី (Mr Roland Braendli) ម្ចាស់ជំនួយនៃអង្គការសម្រេចសុបិនកុមារកម្ពុជា(Cambodian Children’s Dream ) បានសម្តែងក្តីរីករាយដែលបានផ្តល់អគារសិក្សាធ្វើពីបេតុងប្រក់ក្បឿងនិងបង្គន់អនាម័យបន្ថែមទៀតដល់សាលាបឋមសិក្សាបន្ទាយមានរឹទ្ធិនេះ។
លោក ម៉ាក ថូម៉ាសជេននី បន្តថា អស់លោកឃើញថា បំណងរបស់ម្ចាស់ជំនួយពីសប្បុរសជននានានៅបណ្តានៃទ្វីបអឺរ៉ុបតាមរយ:អង្គការសម្រេចសុបិនកុមារដែលមានការិយាល័យកណ្តាលនៅខេត្តឈៀងម៉ៃប្រទេសថៃមួយនេះ គឺបានបំពេញតម្រូវការរបស់សិស្សានុសិស្ស អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ ។
ក្នុងនោះ កាលពី៣ឆ្នាំមុន អង្គការបានជួយកសាងអគារសិក្សា១ខ្នងស្មើនឹង៥បន្ទប់និងប្រព័ន្ធលាងសម្អាតដៃ ១ឈុតរួចហើយនៅទីនេះ ។
ជាពិសេស អង្គការនៅតែបន្តធ្វើជាដៃគូអភិវឌ្ឍន៍ដ៏ល្អ រឹងមាំនិងយូរអង្វែងបន្តទៀតលើវិស័យអប់រំ យុវជននិងកីឡាក្ន្ងងការកសាង អភិវឌ្ឍន៍ធនធានមនុស្សនៅខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាបនិងខេត្តឯទៀតផងដែរ ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណជាថ្មីដល់សប្បុរសជនម្ចាស់ជំនួយនិងសហស្ថាបនិកអង្គការសម្រេចសុបិនកុមារកម្ពុជាដែលពិតជាបានចូលរួមចំណែកជួយឱ្យកុមារកម្ពុជាបានសម្រេចក្តីស្រមៃរបស់ពួកគេដូចជាបានអគារសិក្សានិងសម្ភារ:ក្នុងថ្នាក់ ,បានកន្លែងលាងដៃនិងបង្គន់អនាម័យជាដើម ដែលជាសេចក្តីត្រូវការក្នុងការលើកកម្ពស់អនាម័យ សុខភាពសិក្សានិងជម្រុញគុណភាពអប់រំ ។
ឯកឧត្ដម អភិបាលខេត្តមានចិត្តសប្បាយរីករាយ ដែលបានដឹងនូវការអះអាងថា អង្គការនឹងបន្តឧបត្ថម្ភគាំទ្រដល់វិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យនិងខេត្តជាបន្តយូរអង្វែងបន្តទៀត ។
ឯកឧត្ដម អ៊ុ រាត្រី បានបន្តថា ការសាងសង់អគារសិក្សាគឺជាការឆ្លើយតបនឹងគោលនយោបាយ យុទ្ធសាស្ត្ររបស់អប់រំ យុវជននិងកីឡាគឺ ទីៗ-សមធម៌នៃការចូលរៀន ទី២-គុណភាពនិងប្រសិទ្ធភាពនៃសេវាអប់រំ ទី៣-ការកសាងសមត្ថភាពនិងការអភិវឌ្ឍន៍ស្ថាប័ន។ដូច្នេះ ការផ្គត់ផ្គង់អគារសិក្សាដល់ទីកន្លែងជួបការលំបាកគឺបានជួយដល់ការការប្រមូលកុមារទាំងអស់ដោយមិនប្រកាន់វណ្ណ: ការរើសអើងព៌ណសម្បុរ និន្នាការនយោបាយ កុមារក្រីក្រ ពិសេសកុមារី កុមារងាយរងគ្រោះពីការរំលោភបំពានលើរាងកាយ ការប្រើអំពើហឹង្សារនិងការជួយញដូរមនុស្សជាដើម ។
ឯកឧត្ដម អ៊ុ រាត្រី បានបន្តថា សាលារៀនដែលនៅក្បែរលំនៅឋានគីជាគោលដៅអាទិភាពទី១នៃការអប់រំជាតិ ធានាការចូលរៀនដោយសមធម៌និងកាត់បន្ថយអត្រាការបោះបង់ការសិក្សា។ហេតុនេះ សូមអាណាព្យាបាល មាតាបីតាសិស្សត្រូវបញ្ជូនកូនចៅទៅរៀននៅសាលារៀនអលោកយបានគ្រប់ៗគ្នា ។ ពោលគឺ សមិទ្ធផលបម្រើឱ្យថ្នាល់បណ្តុះបណ្តាលធនធនមនុស្សនេះ នឹងជួយឱ្យក្មួយៗកុមារកុមារីនៅទីនេះបានក្លាយជាពលរដ្ឋពេញលេញគឺរៀនឱ្យមានចំណេះដឹង រៀនឱ្យមានចំណេះធ្វើ ឱ្យមានសីលធម៌ រៀនឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយសេចក្តីថ្លៃថ្នូរ ៕ ដោយ ៖ ឃិន គន្ធា

