នៅឥណ្ឌូនេស៊ី៖ ស្ដ្រីជាកម្មករកសិដ្ឋានម្នាក់ត្រូវពស់ថ្លាន់លេប នៅកោះស៊ូម៉ាត្រា
ឥណ្ឌូនេស៊ី៖នៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី សាកសពស្ដ្រីវ័យ៥៤ឆ្នាំម្នាក់ត្រូវគេប្រទះឃើញនៅក្នុងពោះពស់ថ្លាន់ដែលមានប្រវែងជាង៧ម៉ែត្រ ក្នុងចម្ការកៅស៊ូដែលស្ដ្រីរូបនេះធ្វើការ។ បើតាមរបាយការណ៍ពីអាជ្ញាធរឥណ្ឌូនេស៊ី ស្ដ្រីដែលរកឃើញថាស្លាប់នៅក្នុងពស់របស់ពោះថ្លាន់នេះឈ្មោះ Jahrah ជាកម្មករនៅចម្ការកៅស៊ូមួយកន្លែង ក្នុងខេត្ត ចាមប៊ី(Jambi) នៅលើកោះសូម៉ាត្រា។
មុនពេលប្រទះឃើញសាកសពនៅក្នុងពោះរបស់ពស់ថ្លាន់ ស្វាមីរបស់ស្ដ្រីរូបនេះបានរាយការណ៍ទៅកាន់ប៉ូលីសថា នាងបានបាត់ខ្លួន មិនឃើញវិលត្រឡប់ទៅផ្ទះវិញទេ តាំងពីល្ងាចថ្ងៃអាទិត្យ ទី២៣ ខែតុលា។ នៅយប់ថ្ងៃអាទិត្យនោះ ស្វាមីរបស់ស្ដ្រីរងគ្រោះបានតាមស្វែងរកនាង ប៉ុន្តែមិនឃើញមនុស្ស ឃើញតែស្បែកជើងកវែង កន្សែងជួតក្បាល អាវ និងសម្ភារមួយចំនួនដែលនាងប្រើនៅកន្លែងធ្វើការ។ នៅព្រឹកថ្ងៃបន្ទាប់ ពោលគឺនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលាគេបានប្រទះឃើញពោះថ្លាន់មួយក្បាលនៅក្បែរៗនោះ។
មេប៉ូលីសនៅក្នុងតំបន់បានបញ្ជាក់អំពីករណីនេះដូច្នេះថា៖ «នៅពេលក្រុមសន្តិសុខ និងអ្នកស្រុកចុះស្រាវជ្រាវជុំវិញចម្ការកៅស៊ូនោះ គេឃើញពស់ថ្លាន់មួយក្បាលប្រវែង៧ម៉ែត្រ ហើយបានដាក់ការសង្ស័យបឋមថា គឺពស់ថ្លាន់នេះឯងដែលជាឃាតករលេបសម្លាប់ស្ដ្រីរងគ្រោះ។ ដូចការសង្ស័យមិនខុសមែន នៅពេលវះពោះពស់ថ្លាន់នេះ គេឃើញស្ដ្រីរងគ្រោះស្លាប់យ៉ាងអណោចអធមនៅក្នុងពោះពស់ថ្លាន់»។
កាលពីឆ្នាំ២០១៨ ករណីពស់ថ្លាន់លេបមនុស្សធ្លាប់កើតមានម្ដងនៅលើកោះមូណា( Muna) នៃខេត្ត ស៊ូឡាវេស៊ី(Sulawesi) នៅឥណ្ឌូនេស៊ី។ ចំណែកនៅឆ្នាំ២០២១កន្លងទៅ កសិកររស់នៅភូមិ សាលូប៊ីរ៉ូ(Salubiro) នៃខេត្ត Sulawesi ត្រូវបានពស់ថ្លាន់លេបដែរ។
ពស់ថ្លាន់ ជាទូទៅ ស៊ីតែសត្វតូចៗ ដោយលេបចំណីរបស់វាទាំងមូលតែម្ដង។ ករណីសត្វពស់ថ្លាន់លេបមនុស្សកម្រកើតមានណាស់។ គ្រោះថ្នាក់បង្កឡើងដោយពស់ដែលគេជួបប្រទះញឹកញាប់គឺករណីពស់ចឹក។ យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំមានករណីពស់ចឹកកើតឡើងប្រហែល ៥,៤លានករណី ក្នុងនោះ កុមារនិងកម្មករក្នុងវិស័យកសិកម្ម នៅសហគមន៍ជនបទក្រីក្រមានហានិភ័យច្រើនជាងគេ៕ ដោយ៖ សុទ្ធិ ថងឌី