សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់នាំយកថវិកានិងសម្ភារៈចូលរួមជាមួយគ្រួសារសព ឈ្មោះ សុវណ្ណ សុបុត្រា ដែលទទួលមរណៈភាពដោយឆក់ខ្សែភ្លើង

ខេត្តពោធិ៍សាត់ ៖ ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បាននាំយកថវិកាចំនួន២០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម ទឹកក្រូច២កេសនិងទឹកសុទ្ធ២កេស មកចូលរួមជាមួយគ្រួសារសពឈ្មោះ សុវណ្ណ សុបុត្រា ដែលទទួលមរណៈភាពកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២២ ក្នុងជន្មាយុ៤០ឆ្នាំ ដោយឆក់ខ្សែភ្លើង ដល់គេហដ្ឋាននៃសពស្ថិតក្នុងភូមិវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវជាស្វាមីរបស់អ្នកស្រី ហ៊ន សារ៉ៃ អាយុ៤៣ឆ្នាំ ។

លោក វ៉ាន់ ហ៊ាង បានថ្លែងថាក្រោយពីទទួលដំណឹងអំពីករណីឈ្មោះសុវណ្ណ សុបុត្រាអាយុ៤០បានស្លាប់ដោយសារឆក់ខ្សែភ្លើងនោះ ឯកឧត្តម ជាវ តាយ ប្រធានគណកម្មាធិការកាកបាទក្រហមកម្ពុជា បានចាត់ឲ្យក្រុមការងារនាំយកថវិកានិងសម្ភារមកចូលរួមជាមួយគ្រួសារសពដល់គេហដ្ឋាននិងនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារសព ដោយក្តីក្រៀមក្រំ និងសេចក្តីនឹករឭកជាទីបំផុត។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិសាខា បានចាត់ការទទួលមរណភាពលោកសុវណ្ណ សុបុត្រា គឺជាការបាត់បង់ស្វាមី ជាឳពុក ជាបងជាប្អូន ជាទីគោរពស្រឡាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌និងជាមេគ្រួសារយ៉ាងសំខាន់១រូបដែលបានគ្រប់គ្រង ថែរក្សា និងចិញ្ចឹមកូនៗនាពេលកន្លងមក។

លោកបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ពិសេសគឺផ្តោតទៅលើការងារជួយសង្គ្រោះដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ គ្មានការរើសអើងជាតិសាស ប្រពៃណី សាសនា ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ នាឱកាសនោះ លោកនាយកប្រតិបត្តិសាខា ក៏បានលើកទឹកចិត្ត ដល់ក្រុមគ្រួសារសព សូមកុំអស់សង្ឃឹម ត្រូវខិតខំកាត់ចិត្ត និងត្រូវបន្តខិតខំបំពេញការងារ ដើម្បីជីវភាពគ្រួសារ នឹងត្រូវគិតគូអំពីអនាគតកូនចៅបន្តទៀត ៕ ចេង ពុំ

ads banner