វគ្គបណ្ដុះបណ្ដាលស្ដីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការគ្រប់គ្រងករណី និងប្រព័ន្ធបញ្ជូនបន្ត

ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០២២ នៅសាលាខេត្តពោធិ៍សាត់ មានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ការគ្រប់គ្រងករណីនិងប្រព័ន្ធបញ្ជូនបន្ត ក្រោមអធិបតីភាពលោកស្រី ប៉ុក ណាឌី អភិបាលរង តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ដោយមើលឃើញអំពីបញ្ហាដែលកើតលើពលករកំពុងធ្វើចំណាកស្រុក ពលករចំណាកស្រុកត្រឡប់មកមាតុប្រទេសវិញ និងយុវជនដែលបានលះបង់ការសិក្សាហើយធ្វើចំណាកស្រុកទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសនោះ អង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ត្រី ក្រោមជំនួយគាំទ្ររបស់ក្រសួងការបរទេសនិងហិរញ្ញវត្ថុរបស់សហព័ន្ធអាឡឺម៉ង់ តាមរយៈមូលនិធិសិទ្ធិកុមារអាឡឺម៉ង់និងអង្គការវីវើល បាននឹងកំពុងអនុវត្តគម្រោងមួយដែលមានឈ្មោះថា ពង្រឹងការអប់រំនិងលទ្ធភាពទទួលបានការងារតាមរយៈការចូលរួមរបស់សហគមន៍។

គម្រោងនេះចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជានិងដៃគូរអភិវឌ្ឍនានា ដើម្បីពង្រឹងសមត្ថភាពដល់អាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លុបបំបាត់ការជិះជាន់កម្លាំងពលកម្មដើម្បីធ្វើឲ្យជនរងគ្រោះទទួលបានការការពារស្របច្បាប់និងយុត្តិធម៌។ ការពង្រឹងឲ្យមានការអប់រំ ចំណេះ ជំនាញ និងការងារសម្រាប់យុវជនដែលបានបោះបង់ការសិក្សាឲ្យទទួលបានឱកាសការងារថ្មី និងជំនាញដែលមាននៅក្នុងប្រទេសកម្ពុជា ដែលអាចធ្វើឲ្យពួកគាត់ទទួលបានជីវភាពល្អប្រសើរ។ ពង្រឹងទៅលើការផ្សព្វផ្សាយបន្ថែមដល់ពលករចំណាកស្រុក និងអ្នកដែលមានបំណងក្នុងការធ្វើចំណាកស្រុក ឲ្យទទួលបាននូវព័ត៌មានច្បាស់លាស់ នីតិវិធីតាមផ្លូវច្បាប់ ដើម្បីឲ្យពួកគាត់ទទួលយុត្តិធម៌និងការការពារស្របច្បាប់ ជាពិសេសពលករចំណាកស្រុកដែលបានវិលត្រឡប់មកមាតុភូមិវិញ ក្នុងអំឡុងពេលជំងឺកូវីដ១៩នេះ។

លោកស្រី ប៉ុក ណាឌី សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនេះនឹងធ្វើឲ្យសិក្ខាកាម ទទួលបានចំណេះដឹងបន្ថែមទាក់ទងទៅនឹងគោលនយោបាយសន្តរប្រវេសន៍សម្រាប់ពលករចំណាកស្រុក ដូចជាជម្រើសសុវត្ថិភាពនៃការធ្វើចំណាកស្រុកទៅក្រៅប្រទេស និងឱកាសការងារក្នុងស្រុកសម្រាប់អ្នកដែលបោះបង់ការសិក្សា ឲ្យទទួលបានការងារសមរម្យ។ ជាមួយគ្នានេះសិក្ខាកាមនឹងទទួលបានចំណេះដឹង ទាក់ទងនឹងការកំណត់អត្តសញ្ញាណជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងយន្តការបញ្ជូនបន្តសម្រាប់ជួយដល់ពលករ និងជនរងគ្រោះនៃអំពើជួញដូរមនុស្ស ឲ្យទទួលបានការការពារស្របច្បាប់និងយុត្តិធម៌៕ ចេង ពុំ

ads banner