ឥណ្ឌូនេស៊ី​អនុញ្ញាត​ឱ្យ​ទេសចរ​បរទេស​ស្នាក់​នៅ​កោះបាលី​រយៈ​ពេល​១០​ឆ្នាំ បើ​មាន​លុយ​ក្នុង​ធនាគារ​១៣​ម៉ឺន​ដុល្លារ

ឥណ្ឌូនេស៊ី៖ ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​តែ​ដាក់​ចេញ​នូវ​គោលការណ៍​ទិដ្ឋាការ​ថ្មី​មួយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ជា​មហាសេដ្ឋី​។ ទិដ្ឋាការ​ថ្មីក្រោម​គោល​គំនិត «ផ្ទះ​ទី២» របស់​ឥណ្ឌូនេស៊ី នឹង​អនុញ្ញាត​ឱ្យ​ជន​បរទេសស្នាក់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ពី​៥ ទៅ​១០​ឆ្នាំ​ ប៉ុន្តែ​ដើម្បី​អាច​ទទួល​បាន​នូវ​ករណី​លើក​លែង​ពិសេស​នេះ ជនបរទេស​ទាំង​នោះ ត្រូវ​មាន​ប្រាក់​តម្កល់​ទុក​ក្នុង​គណនី​ធនាគារ​យ៉ាង​ហោច​ណាស់​១៣​ម៉ឺន​ដុល្លារ​​អាមេរិក។

បើតាម​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែ​តុលា ឆ្នាំ​២០២២ ទិដ្ឋាការ «ផ្ទះ​ទី​២» នេះ នឹង​ចូល​ជា​ធរមាន​ជាផ្លូវការចាប់​ពី​ថ្ងៃទី​២៥ ខែ​ធ្នូ ចុង​ឆ្នាំ​២០២២​នេះ​ត​ទៅ​។ មន្ដ្រី​ជាន់​ខ្ពស់​ឥណ្ឌូនេស៊ី​គូស​បញ្ជាក់​ថា ការ​ដាក់​ចេញ​នូវ​ប្រភេទទិដ្ឋាការ​ថ្មី​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ជា​មហាសេដ្ឋី មាន​លុយ​ច្រើន ឱ្យ​មក​រស់​នៅ​ឥណ្ឌូនេស៊ី ដើម្បី​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចឥណ្ឌូនេស៊ី ​តាម​រយៈ​ការ​ចំណាយ​របស់​មហាសេដ្ឋី​ជា​ជន​បរទេស​ទាំង​អស់​នោះ ឬ​ការ​វិនិយោគ​របស់​ពួក​គេ​ជា​ដើម​។

លោក Widodo Ekatjahjana អគ្គនាយក​ស្ដី​ទី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឥណ្ឌូនេស៊ី ថ្លែង​ឱ្យ​ដឹង​ថា ជនបរទេស​ដែល​មាន​បំណង​ដាក់​ពាក្យ​ស្នើ​សុំ​ទិដ្ឋាការ​នេះ ត្រូវ​មាន​ប្រាក់​តម្កល់​ក្នុង​ធនាគារ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី យ៉ាង​ហោច​ណាស់​ពីរ​ពាន់​លាន​រូពៀ ឬ​ស្មើ​នឹង ១៣ម៉ឺន​ដុល្លារ​។

ក្រៅ​ពី​ឥណ្ឌូនេស៊ី មាន​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត បាន​ដាក់​ចេញ​នូវ​គោលការណ៍ស្រដៀង​គ្នា​នេះ​ដែរ។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ប្រទេស​នូវែលសេឡង់ និង​ព័រទុយហ្គាល់ បាន​ប្រកាស​ផ្ដល់​ «ទិដ្ឋាការ Nomad ឌីជីថល» ដល់​ជនបរទេស​ដែល​មាន​បំណង​ចង់​រស់​នៅក្នុង​ប្រទេស​របស់​ខ្លួន ដើម្បី​ធ្វើ​ការ​ពីចម្ងាយ។ បែប​ផែន​រស់​នៅ​បែបឌីជីថល​ថ្មី​នេះ មាន​ទំនោរ​កើន​ឡើង​កាន់​តែ​ច្រើន​បន្ទាប់​ពី​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ ដែលធ្វើ​ឱ្យ​របៀប​ធ្វើ​ការ​ពី​​ចម្ងាយ​ដោយ​ពុំ​ចាំ​បាច់​ទៅ​អង្គុយ​ធ្វើ​ការ​ផ្ទាល់​នៅ​ក្នុង​ការិយាល័យ ក្លាយ​ទៅ​ជា​រឿង​សាមញ្ញ​ធម្មតា​​។

របាយការណ៍មួយរក​ឃើញ​ថា កាលពីឆ្នាំ២០២១​កន្លង​ទៅ មាន​ជនជាតិអាមេរិកចំនួន ១៥,៥លាននាក់ រស់​នៅនិង​ធ្វើ​ការ​ពី​ចម្ងាយ ឬ​ជា​ភាសា​អង់គ្លេស​ថា «Digital Nomads»៕ ដោយ៖ កែវ កិរិយា

ads banner