ថៃទទួលបានភ្ញៀវទេសចរបរទេសជាងប្រាំពីរលាននាក់ ត្រឹមរយៈពេល១០ខែនៃឆ្នាំ២០២២
ថៃ៖ ប្រទេសថៃ បានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ៧,៣៥ លាននាក់ រាប់ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២។ វិស័យទេសចរណ៍ ដែលជាដង្ហើមសេដ្ឋកិច្ចរបស់ថៃចាប់មានកំណើនមកវិញ នៅបន្ទាប់ពីរដ្ឋាភិបាលទីក្រុងបាងកកបន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដ។ នេះបើតាមការអះអាងរបស់អាជ្ញាធរទេសចរណ៍ថៃ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រ ទី២៨ខែតុលា អាជ្ញាធរទេសចរណ៍ថៃ បាននិយាយប្រភពទីផ្សារទេសចរណ៍សំខាន់ៗចំនួន៥របស់ថៃ គឺម៉ាឡេស៊ីដែលមានចំនួន ១,២៥ លាននាក់ ឥណ្ឌាមាន ៦៦១ ៧៥១នាក់ ឡាវ ៥៣៨ ៧៨៩នាក់ កម្ពុជា ៣៧៣ ៨១១នាក់ និងសិង្ហបុរីមាន ៣៦៥ ៥៩៣នាក់។
ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ថៃដែលជាសេដ្ឋកិច្ចធំទី២ របស់អាស៊ីអាគ្នេយ៍។ ក្រសួងហិរញ្ញវត្ថុថៃ កាលពីថ្ងៃសុក្រ បានព្យាករថានឹងមានការមកដល់នៃភ្ញៀវទេសចរបរទេសចំនួន ១០,៣ លាននាក់នៅឆ្នាំ ២០២២នេះ និង ២១,៥ លាននាក់នៅឆ្នាំក្រោយ។
គួរជ្រាបថាភ្ញៀវទេសចរបរទេសដែលចូលទៅប្រទេសថៃមានចំនួនត្រឹមតែ ៤២៨ ០០០នាក់ប៉ុណ្ណោះកាលពីឆ្នាំ២០២១។ តួលេខនេះខុសគ្នាខ្លាំងបើធៀបមុនពេលមានជំងឺកូវីដ១៩ ដែលភ្ញៀវទេសចរអន្តរជាតិចូលទៅកាន់ទឹកដីថៃមានចំនួនរហូតដល់ទៅជិត ៤០លាននាក់ ក្នុងឆ្នាំ ២០១៩ នៅមុនការរីករាតត្បាតកូវីដ។
គួររំឭកដែរថា ជំងឺរាតត្បាតកូវីដ១៩ បានបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ដែលជាសង្ហើមសេដ្ឋកិច្ចរបស់ថៃ។ កាលពីឆ្នាំ២០២០ វិស័យទេសចរណ៍ថៃបានធ្លាក់ចុះខ្លាំងមិនធ្លាប់មានរហូតដល់ជាង ៨០ភាគរយរាប់ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧មក។ដើម្បីស្រោចស្រង់សេដ្ឋកិច្ចក៏ដូចជាវិស័យទេសចរណ៍ អាជ្ញាធរថៃបានប្រកាសបន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដកាលពីចុងឆ្នាំ២០២១៕ ដោយ៖ លី លីយ៉ា